(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំអន្ដរក្រសួង លើសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងសេវាសុខាភិបាល»។ កិច្ចប្រជុំនេះធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «សេចក្ដីព្រាងច្បាប់នេះ បានធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព នៃសេវាសុខាភិបាល ដែលផ្ដល់ដោយមូលដ្ឋានសុខាភិបាល ដើម្បីការពារសុខភាពរបស់ប្រជាជន និងសុវត្ថិភាពរបស់អតិថិជន ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជាយើង នៅក្នុងក្របខណ្ឌគតិយុត្ដិ ដើម្បីគាំទ្រការអនុវត្ដយុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា»

ជាងនេះទៅទៀត រដ្ឋមន្រ្ដីបន្ដថា សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងសេវាសុខាភិបាល បានរៀបចំឡើងដោយក្រសួងសុខាភិបាល ដែលមាន៖ ទី១៖ កិច្ចប្រជុំពិភាក្សាជាមួយអ្នកច្បាប់ ក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសុខាភិបាលចំនួន៧លើក, ទី២៖ កិច្ចប្រជុំផ្ទៃក្នុងក្រសួង ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ទី៣៖ កិច្ចប្រជុំជាច្រើនដែលមានការចូលរួមពីនាយកដ្ឋានជំនាញ និងគណៈវិជ្ជាជីវៈសុខាភិបាល ចំនួន២លើក និងទី៤៖ កិច្ចប្រជុំបច្ចេកទេស ជាមួយក្រុមប្រឹក្សអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី រហូតសម្រេចបាននូវសេចក្ដីព្រាងច្បាប់ចុងក្រោយ ដើម្បីដាក់ចូលទៅក្នុង របៀបវារៈ នៃអង្គប្រជុំអន្ដរក្រសួងនាពេលនោះ។

សូមជម្រាបផងដែរថា សេចក្ដីព្រាងច្បាងច្បាប់នេះ ត្រូវបានចែកចេញជា១០ជំពូក និងមាន ៦៨មាត្រា៕