(ហាណូយ, វៀតណាម)៖ មន្រ្តីជាន់ខ្ពស់បក្សកុំម្មុយនីស្តវៀតណាមបានអបអរសាទរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំរដ្ឋសភារបស់សម្តេចពញាចក្រី ហេង សំរិន ហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក Tran Quoc Vuong គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងជំនួបសវនាការជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅទីស្តីការបក្សកុំម្មុយនីស្តវៀតណាម នាទីក្រុងហាណូយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ហើយនៅរសៀលថ្ងៃទី២៨ ខែឧសភា គណៈប្រតិភូ បានជួបសវនាការជាមួយលោក Tran Quoc Vuong។

លោក Tran Quoc Vuong បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺជាការរីកចម្រើនរបស់ប្រទេសវៀតណាម។ ពលរដ្ឋ បក្ស រដ្ឋ វៀតណាម អបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជានេះ។ ជាមួយគ្នានេះលោក ក៏បានរីករាយដែលឃើញរដ្ឋសភាកម្ពុជា និងវៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោកបានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងល្អរវាងរដ្ឋសភាប្រទេសទំាងពីរនេះ គឺជាផ្នែកសំខាន់ ដែលបានទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងវៀតណាម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការបាត់បង់អ្នកដឹកនាំមួយរូបដ៏ឆ្នើមរបស់ខ្លួន គឺលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចបានគូសបញ្ជាក់ថា ការបាត់បង់លោក ឡេ ឌឹកអាញ់ គឺជាបាត់បង់មិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។

សម្តេចបានលើកឡើងថា រូបសម្តេចផ្ទាល់ធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយលោក ឡេ ឌឹកអាញ់។ សម្តេចប្រធានរដ្ឋសភា ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ឡេ ឌឹកអាញ់ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលនានា ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមំាថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ភូជុង ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា និងលោក ង្វៀន ស៊ួនហ្វុក ជានាយករដ្ឋមន្រ្តី ប្រជាជនវៀតណាម និងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសវៀតណាម ឲ្យក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន ហើយកិត្យានុភាពរបស់មិត្តវៀតណាម លើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕