(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ5C ទំហំមុខកាត់ ២.៥ម៉ែត្រ គុណ ២.៥ម៉ែត្រ ចំនួនបីជួរ ភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹក ចេញពីតំបន់ខាងកើត និងខាងត្បូងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជាពិសេសតំបន់ផ្លូវលេខ២០០៤ ផ្លូវសឡា ផ្លូវណ័រប្រ៊ីត ផ្លូវឌួងងៀប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន មានរយៈពេល ៧០ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ លើកលែងតែ ទោចក្រយានយន្ត។

ការធ្វើបែបនេះ ដើម្បីដោះស្រាយបញ្ហាជន់លិចទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើង ក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញថា ស្ថានភាពស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រឌទ្រោម និងមានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក នៃប្រឡាយស្ទឹងមានជ័យ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងនេះ សម្រេចបានតាមផែនការកំណត់។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រាលសណ្តាប់ធ្នាប់ចរាចរ លើកំណាត់ផ្លូវខាងលើនេះ ឲ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖