(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបលោកបណ្ឌិត Alexandre Huynh តំណាងអង្គារ FAO ប្រចាំនៅកម្ពុជា ដឹកនាំក្រុមការងារជំនាញផ្នែកសុខភាពសត្វ និងសហការីដែលអញ្ជើញ មកពីទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិ ប្រចាំទីក្រុងបាងកក និងអង្គការ OIE ផងដែរ។

ជំនួបនេះ មានបំណងធ្វើការពិភាក្សាទាក់ទងនឹងវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺ ឆ្លងប៉េស្តជ្រូកអាហ្វ្រិក។

លោក Fillip បានជម្រាបជូនលោករដ្ឋមន្ត្រីពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមនៃជំងឺប៉េស្តជ្រូកអាហ្វិក ទាំងក្នុងពេលបច្ចុប្បន្ន និងវិធានការការពារទប់ស្កាត់ជំងឺដ៏មហន្តរាយនេះ នាពេលអនាគត។ ពិសេសគោលបំណងសំខាន់នៃបេសកកម្ម របស់ក្រុមការងារមកកម្ពុជានាពេលនេះ។

លោក វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្រុមការងារជំនាញ ដែលបានអញ្ជើញមកធ្វើបេសកកម្មនៅកម្ពុជា ដើម្បីតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងការផ្សព្វផ្សាយពីបញ្ហាជំងឺ, វិធានការការពារ និងទប់ស្កាត់ជំងឺប៉េសត្តជ្រូកអាហ្វិ្រកនេះ។

លោកឲ្យដឹងថា ដោយយល់ឃើញពីហានិភ័យនៃ គ្រោះមហន្តរាយនៃជំងឺនេះដល់ឧស្សាហកម្មជ្រូក កន្លងមកក្រសួងបានណែនាំឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការ ជាមួយអន្តរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម, សមាគមអ្នកចិញ្ចឹមជ្រូក, ផលិតករ, អាជីវករត្រូវរួមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវខ្លឹមសារនៃសារាចរណែនាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោករដ្ឋមន្រ្ដីបន្ថែមថា ជាងនេះទៀតក្រសួងក៏បានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមទាំង០៧ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ឲ្យមានប្រសិទ្ធភាព បើផ្លោះផ្លោយនឹងប្រឈមមុខ ចំពោះវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកអ្នកចិញ្ចឹមជ្រូក, ម្ចាស់សត្តឃាតដ្ឋាន, អាជីវករលក់សាច់, អ្នកនាំចូលជ្រូកត្រូវចូលរួមសហការអនុវត្តសារាចរណែនាំនេះ ឲ្យមានប្រសិទ្ធភាពផងដែរ៕