(ភ្នំពេញ)៖ លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមកុំព្រួយបារម្ភពីបញ្ហាខ្វះខាតអំបិល ឬបញ្ហាតម្លៃឲ្យសោះ ដោយហេតុថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននិងកំពុងរួមគ្នារកដំណោះស្រាយ ក្នុងការផលិតអំបិលឲ្យគ្រប់តម្រូវការប្រើប្រាស់។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ព័ត៌មានការលើកឡើងថា នៅឆ្នាំ២០១៩នេះ នឹងប្រឈមការខ្វះខាតអំបិលសម្រាប់ប្រើប្រាស់ ដូចឆ្នាំ២០១៨ទៀត ដែលទាមទារឲ្យមានការនាំចូលពីបរទេស។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្រោមប្រធានបទ «ដំណោះស្រាយបញ្ហាខ្វះអំបិលនៅកម្ពុជា» លោក ឡាំ គឹមឡេង បានបញ្ជាក់ថា «ដោយមើលឃើញពីកត្តាអាកាសធាតុប្រែប្រួល ដែលជះឥទ្ធិពលដល់ការផលិតអំបិល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអគ្គនាយកដ្ឋានសហគ្រាធុនតូច មធ្យម គឺបាននិងកំពុងតែរកដំណោះស្រាយ និងបានសហការជាមួយអង្គការ Unicef ដើម្បីធ្វើយ៉ាងណាបង្កើនបច្ចេកវិទ្យាបន្ថែមទៀត ទៅលើការផលិតអំបិលពីរំហួតទឹកសមុទ្រ កុំឲ្យមានការរំពឹងទៅលើអាកាសធាតុតទៅទៀត។ ប៉ុន្ដែវាអាចមិនមែន ជាបច្ចេកវិទ្យា១០០ភាគរយទេ មានន័យថា វាអាចជាពាក់កណ្ដាលនៃវិទ្យាសាស្រ្ត»

លោកបានបន្តថា «កាលដែលយើងបានសិក្សាមើលទៅ គឺយើងត្រូវរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា ត្រូវរៀបស្រែគំរូមួយ សម្រាប់ទុកឲ្យប្រជាពលរដ្ឋយកជាគំរូ ហើយនឹងត្រូវមានអាងសម្រាប់ស្ដុកទឹក នៅពេលដែលយើងបានហាលស្ងួត ឬក៏បានចម្អិនរួច តែបច្ចុប្បន្ននេះ គឺយើងនៅមិនទាន់មាននៅឡើយទេ។ តែនៅពេលដែលយើងមានអាងស្តុកទឹក គឺយើងមានវិធី២។ ទី១៖ នៅពេលដែលមានអាកាសធាតុល្អ គឺយើងអាចបញ្ចេញទឹកមក ដោយយើងប្រើរយៈពេលត្រឹមតែពីរទៅបី ថ្ងៃ គឺយើងអាចបានជាអំបិល មួយវិញទៀត គឺយើងអាចប្រើប្រាស់ម៉ាស៊ីនសម្រាប់ជំនួយផងដែរ»

ប៉ុន្តែយ៉ាងណា លោកបានបង្ហាញនូវបារម្ភនៃតម្លែអគ្គិសនី នៅពេលដែលតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសផ្សេងៗ គឺវាអាចប៉ះពាល់ដល់តម្លៃអំបិលនៅកម្ពុជា ធ្វើឲ្យអំបិលមានតម្លៃខ្ពស់។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការប្រើប្រាស់អំបិល នៅកម្ពុជាក្នុងមួយឆ្នាំៗ គឺត្រូវការអំបិលប្រមាណជាជា១០ម៉ឺនតោន ហើយប្រភេទអំបិលដែលយកមកប្រើប្រាស់មាន៣ប្រភេទ ទី១៖ អំបិលសម្រាប់ប្រើប្រាស់នៅតាមផ្ទះ របស់ប្រជាពលរដ្ឋ, ទី២ អំបិលសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម និងទី៣ អំបិលសម្រាប់កសិកម្មផងដែរ។ ចំពោះកម្ពុជាមានផ្ទៃដីសម្រាប់ផលិតអំបិលចំនួន ៥ពាន់ហិកតា ហើយផ្ទៃដីដែលផលិតអំបិលចែកចេញជា៣ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ក្នុងនោះមាន ទី១៖ កន្លែងស្តុកទឹកស្អាតទុកផលិត, ទី២៖ មានស្រែហាល ឬស្រែចម្អិន, និងទី៣៖ ស្រែសម្រាប់បណ្ដុះ៕