(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអំណោយពីលោក សុខ ជា និងភរិយាឈ្មោះ សួន សុខឡាង ដែលរួមមាន៖ អង្ករ០១តោន, ទឹកស៊ីអ៊ីវ៣០យួរស្មើនឹង ១៨០ដប, មីម៉ាម៉ា០៦កេសធំ ស្មើនឹង៣៦កេសតូច និងត្រីកន្ធរស្រស់០១កេសផងដែរ។

ជារើយៗលោក សុខ ជា ក៏ដូចជាភរិយាឈ្មោះ សួន សុខឡាង តែងយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ មកប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថ រាជធានីភ្នំពេញផង និងដើម្បីផ្ញើជាទានចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគត់ដ៏ទៃទៀត តាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផង។

ការឱ្យទានដោយចែករំលែកនូវទ្រព្យធនធានចំណីអាហារ ថ្នាំកែរោគសំលៀកបំពាក់ និងទីជម្រកជាដើម គឺជាកិច្ចសង្គ្រោះដ៏សំខាន់ និងចាំបាច់ណាស់ ដើម្បីជួយដល់មនុស្សផងគ្នាឱ្យមានសេចក្ដី សុខផ្លូវកាយ ផ្លូវចិត្ត និងឱ្យមានតុល្យភាពក្នុងសង្គម។

ក្នុងពុទ្ធសាសនាហៅការបរិច្ចាគទ្រព្យធនសម្ភារៈទាំងឡាយនេះ ថាជា «អាមិសទាន» ដែលអាចចាត់ទុកថា ជាផ្នែកមួយ នៃ«អរិយទ្រព្យ» គឺជាកំណប់ទ្រព្យដ៏ប្រសើរឧត្ដម កប់ទុកសម្រាប់ខ្លួនអ្នកធ្វើទាន តទៅពេលខាងមុខ។

ជាកិច្ចតបស្នងចំពោះអំពើសប្បុរសរបស់លោក សុខ ជា និងភរិយាឈ្មោះ សួន សុខឡាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែង ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនខាងលើ ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួន ឱ្យទៅជាទានដើម្បីជួយសង្គ្រោះដល់អ្នកដទៃ និងពុំចង់បានអ្វីត្រឡប់មកវិញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើក បន្ថែមថា នេះគឺជាទានដ៏គាប់ប្រសើរ និងជាកំណប់ទ្រព្យដ៏ឧត្តម របស់ម្ចាស់ទានយ៉ាងពេញលេញពិតប្រាកដហើយ៕