(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធគាំទ្រ ត្បាល់ ដេកាហ្សិត របស់កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការរង កងរាជអាវុធហត្ថ ស្នងការនគបាល លោកមេបញ្ជាការ គ្រប់បណ្តាកងឯកភាពចំណុះទិសទី១ និងរថក្រោះ កាំភ្លើងធំ ចំណុះអគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគទី៥។

ក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ ដល់កងពលក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា ដោយមិនគិតយប់ថ្ងៃចូលរួមក្នុងការកិច្ចការសង្គមផ្សេងៗ ជាច្រើនទៀត ជាពិសេសបានអនុវត្តន៍៤ខ្លឹមសារ ការងារកសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ ក្នុងភារកិច្ចការពារជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ចលនាប្រឡងប្រណាំងប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់យោធភូមិភាគទី៥។ លោកបានផ្តាំឲ្យបន្តភារកិច្ចនេះតទៅទៀត ដើម្បីចូលរួមចំណែករក្សារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះគឺជាវគ្គទី៤ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលរយៈពេល៩០ថ្ងៃ។ បន្ទាប់ពីពិធីបើកវគ្គ លោកឧត្តមសេនីយ៍ទោ សេង ធារិន ព្រមទាំងប្រតិភូ បាននាំយកអំណោយសម្ភារបរិក្ខាពេទ្យ និងថ្នាំពេទ្យ ចំនួន៨មុខ ដែលជាអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ សម្រាប់ជួយព្យាបាលប្រជាពលរដ្ឋក្រីក្រផងដែរ៕