(ព្រះសីហនុ)៖ មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២ករណី បានកើតឡើងដាច់ដោយឡែកពីគ្នា ស្ថិតក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍លើកទី១ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកព្រៃនប់ នៅម៉ោង៥ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ហេតុការណ៍នេះកើតឡើងនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៦១-១៦២។

របាយការណ៍នគរបាលស្រុកព្រៃនប់ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0795 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ វង់ នាងសិន អាយុ៥២ឆ្នាំ មានទីលំនៅក្រុង-ខេត្តព្រះសីហនុ (ជនជាតិចិន) និងអ្នករួមដំណើរ ម្នាក់ឈ្មោះ ប៊ុន ម៉ាប់ អាយុ៣៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា រថយន្តបង្កពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះ ក៏បានរេចង្កូតមកខាងឆ្វេងដៃ ស្របពេលមានរថយន្ត១គ្រឿងម៉ាក FREIGHTER ពណ៌ត្រួយចេក,ស ពាក់ផ្លាកលេខ3C-7354 បើកបរមានទិសដៅផ្ទុយគ្នាមកដល់ ក៏បានបុកគ្នាពេញទំហឹងតែម្តង។ អ្នកបើកបររថយន្តខាងលើ ឈ្មោះ ឈុន បូរ៉ា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតែប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ យិន នីតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ចំណែកគ្រោះថ្នាក់ចរាចរណ៍លើកទី២ បានកើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្ត Lexus RX300 បានបុកគ្នានៅលើវិថីសម្តេច ហ៊ុន សែន កែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចស្រុកស្ទឹងហាវ ឲ្យដឹងថា រថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ាក HINO ពណ៌បៃតង ផ្លាកលេខតាកែវ3A-1109 និងរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX300 ផ្លាកលេខភ្នំពេញ 2W-6115 មានជិះគ្នា៣នាក់។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះទាំងបីនាក់ បានជិះនៅលើរថយន្ត Lexus។ ចំពោះអ្នកបើកបររថយន្តធំ ក្រោយកើតហេតុភ្លាមៗ បានរត់គេចខ្លួនបាត់ស្រមោលឈឹង។

ចំណែកជនរងគ្រោះទាំងបីនាក់ សមត្ថកិច្ចក៏ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ហើយថាករណីនេះ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ កំពុងស្រាវជ្រាវដើម្បីឈានទៅបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ នៅថ្ងៃខាងមុខទៀត៕