(សៀមរាប)៖ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោក ព្រៅ ខេមរិទ្ធ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងម្ចាស់ផ្សារ បានចុះត្រួតពិនិត្យទំនិញដែរជាម្ហូបអាហារ ដោយធ្វើតេស្តបឋមដោយប្រើតេស្តឃីត នៅផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

លោក ព្រៅ ខេមរិទ្ធ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះផ្សារខាងលើ មន្រ្ដីយើងបានធ្វើតេស្ដបឋមដោយប្រើតេស្ដឃីត ដើម្បីរកសាធាតុគីមី ហាមឃាត់ក្នុងម្ហូបអាហារចំនួន ១៨គំរូ រួមមាន៖ ម៉ឹក(ថៃ), បង្គា(ថៃ), ខ្ញីហ៊ាន់, ត្រីប្រាហើម, សរសៃមីលឿង ២គំរូ, ឡូត ៤គំរូ,សណ្ដែកបណ្ដុះ ២គំរូ, ប្រហិតក្រញ៉ាំមាន់, ប្រហិតសាច់ត្រី នឹងម៉ឹក(ព្រះស៊ីហនុ) ២គំរូ។ ជាលទ្ធផល យើងទទួលបានល្អ ដោយគ្រប់ម្ហូបអាហារទាំងនោះ ពុំមានរកឃើញសារធាតុគីមី ហាមឃាត់ណាមួយឡើយ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានោះ លោកប្រធានសាខា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕