(ព្រះវិហារ)៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក ទាំងថ្ងៃបុណ្យទានផ្សេងៗ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិដំណាក់ សង្កាត់កំពង់ប្រណាក និងភូមិស្ថាពរ សង្កាត់ប៉ាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។

លោក អ៊ុង វុទ្ធី បានថ្លែងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ មានសារសំខាន់ណាស់សម្រាប់បងប្អូន ប្រជាពលរដ្ឋយើង។ ករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយខាងលើនេះ អញ្ជើញមកពិនិត្យមើលឲ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយឲ្យបងប្អូនផ្សេងទៀត ដែលមិនបានចូលរួមឲ្យគាត់មកពិនិត្យមើលផងព្រោះរយៈពេលមានតែ ១៥ថ្ងៃប៉ុណ្ណោះ។

ដោយឡែក លោក សំ សារឿន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានឲ្យដឹងថា ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការនៅវាលចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ និងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើ។

លោក សំ សារឿន ក៏បានបញ្ជាក់ថា សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលនឹងធ្វើការប្រកាសដាក់ឲ្យដំណើរការនៅពេលនេះ គឺមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៥ល្ងាចប៉ុណ្ណោះ៕