(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៉ីផាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ចាត់ទុកថា ទង្វើរបស់ទណ្ឌិតឧទ្ទាម សម រង្ស៉ី គឺជាសកម្មភាពបង្ហាញពីភាពទាល់ច្រកផ្នែកនយោបាយ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង បន្ទាប់ពី លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ តាមរយៈវិទ្យុអាស៊ីសេរី និងវិទ្យុបរទេសមួយចំនួនទៀត បានប្រកាសវិលត្រឡប់មកកម្ពុជាវិញ នៅពេលដែលស ហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយសហរដ្ឋអាមេរិកអនុវត្តវិធានការផ្សេងៗមកលើកម្ពុជា។ ជាមួយគ្នានេះ ទណ្ឌិតក្បត់ជាតិ ក៏បានអំពាវនាឱ្យប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាល ហើយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់បង្គាប់រាជរដ្ឋាភិបាលផងដែរ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការអំពាវនាវរបស់ទណ្ឌិតឧទ្ទាមរូបនេះ គឺជាទង្វើញុះញង់ពិតប្រាកដដល់ប្រជាពលរដ្ឋខ្មែរ គឺកំពុងបង្ហាញអំពីភាពទន់ខ្សោយនយោបាយ ហើយចង់ងាកមកប្រើប្រាស់ញើសឈាម និងជីវិតប្រជាជនកម្ពុជាជាឈ្នាន់សម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទង្វើរបស់ទណ្ឌិតឧទ្ទាមរូបនេះ ក៏បង្ហាញឱ្យឃើញផងដែរ នូវភាពទាល់ច្រកផ្នែកនយោបាយ ហើយងាកមកប្រើប្រាស់ពាក្យសម្តីពិសពុល និងព្រៃផ្សៃ។ នៅក្នុងស្ថានភាពនេះ តម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវត្រៀមលក្ខណៈ ទោះក្នុងវិធាន និងតម្លៃណាមួយក៏ដោយ ដើម្បីទប់ស្កាត់ទង្វើរបស់ក្រុមទណ្ឌិតឧទ្ទាម ពីការបំផ្លាញភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍ របស់ប្រជាជន និងប្រជាជាតិនេះ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការគ្រប់គ្រងព័ត៌មាន ដើម្បីរួមចំណែកដល់កិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបាននិងកំពុងតែរស់នៅក្នុងភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា។ ដូច្នេះការលើកឡើងរបស់ទណ្ឌិតឧទ្ទាមនៅក្រៅស្រុក ដូចដែលបានបន្តចុះផ្សាយនៅក្នុងសារព័ត៌មានមួយចំនួន នោះគឺរាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកបានឡើយ ហើយរាជរដ្ឋាភិបាលនេះ គឺកើតចេញពីការបោះឆ្នោតដោយប្រជាជនជាង ៨៣%កន្លងទៅ និងជាឆន្ទៈរបស់រាស្រ្ត ដែលបានសម្រេច ជ្រើសយកសន្តិភាព ស្ថិរភាព និងវិបុលភាពរួចមកហើយ។

អង្គភាពអ្នកនាំពាក្យ ក៏យល់ឃើញផងដែរថា វោហារសាស្រ្តរបស់ទណ្ឌិតឧទ្ទាម សម រង្ស៉ី គ្រាន់តែជាវិទ្ធង្សនាចិត្តសាស្រ្តនយោបាយ ដើម្បីប្រើប្រាស់រូបភាពប្រជាពលរដ្ឋខ្មែ រក្នុងការលាក់បាំងនូវពុតត្បុតនយោបាយ បម្រើមហិច្ឆតារបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងបំផ្លាញជម្រើសរបស់ប្រជាជន និងប្រទេសជាតិ ដែលតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាំងខ្ទប់នូវទង្វើក្រុមទណ្ឌិតឧទ្ទាមនេះជាយថាហេតុណាមួយ។

អង្គភាពអ្នកនាំពាក្យ នៅក្នុងឱកាសនេះផងដែរ ក៏បានសម្ដែងនូវអំណរគុណសារជាថ្មី ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលលោកបានចេញទៅបោះឆ្នោត និងគាំទ្រភ្លូកទឹកភ្លូកដី ដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងជានាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសនេះឱ្យកាន់តែមានការរីកលូតលាស់លើគ្រប់វិស័យផ្សេងទៀត ក៏ដូចជាការបង្ហាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសដែលពោរពេញដោយសន្តិភាព វិបុលភាព ក៏ដូចជាការរួមចំណែកក្នុងកិច្ចថែរក្សាតំបន់ ក៏ដូចជាពិភពលោក នៅក្នុងបរិបទនេះផងដែរ។ រាជរដ្ឋាភិបាលប្ដេជ្ញាការពារដាច់ខាតនូវសេចក្តីសម្រេចចិត្ត និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា៖