(ភ្នំពេញ)៖ គណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំងមក រួមជាមួយប្រតិភូចិនមកពីរដ្ឋធានីប៉េកាំង និងខេត្តជាំងស៊ូ បានមកទស្សនកិច្ចសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ក្នុងនោះពួកគេបានបង្ហាញនូវគោលបំណងចង់វិនិយោគលើវិស័យសុខាភិបាលកម្រិតខ្ពស់ កសិកម្ម ឱសថបុរាណចិន ការរុករកធនធានរ៉ៃ និងវត្ថុធាតុដើម រោងចក្រ ព្រីន និងរចនាលោហ្គោខ្នាតធំ ព្រមទាំងវិស័យមួយចំនួនទៀត។

ក្នុងជំនួបពិភាក្សាជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក កាង ជូសៀង អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំង និងជាអគ្គលេខាធិការនៃសមាគមស្រាវជ្រាវផ្នែកសុខាភិបាលចិន បានលើកឡើងថា ការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានគោលបំណងសិក្សាពីឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។

លោក កាង ជូសៀង បានបន្តថា វិស័យដែលចិនចង់វិនិយោគនៅកម្ពុជានោះ រួមមាន៖ ការវិនិយោគលើផ្នែកសុខាភិបាល ការបង្កើតមន្ទីរពេទ្យដែលមានបច្ចេកវិទ្យាព្យាបាលកម្រិតខ្ពស់ វិស័យកសិកម្ម ការដាំដុះរុក្ខជាតិឱសថបុរាណចិន និងការបង្កើតរោងចក្រកែច្នៃរុក្ខជាតិឱសថ ការបង្កើតរោងចក្រព្រីន និងរចនាលោហ្គោខ្នាតធំ ឧស្សាហកម្មរុករកធនធានរ៉ែ និងវត្ថុធាតុដើមជាដើម។

លោក កាង បានបញ្ជាក់ថា បានជាអ្នកវិនិយោគចិនមានគោលបំណងចង់វិនិយោគនៅកម្ពុជា ដោយសារអ្នកវិនិយោគចិនសម្លឹងឃើញពីតម្រូវការចាំបាច់នៅកម្ពុជា ជាពិសេសសេវាសុខាភិបាល ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស។ មួយវិញទៀត កាវិនិយោគនេះក៏ស្របតាមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ដើម្បីជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះវិនិយោគចិន ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅកម្ពុជា ពិសេសពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបន្តថា ការវិនិយោគនេះក៏នឹងផ្ដល់សារៈសំខាន់ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឱ្យតែកាន់រីកចម្រើនឡើងបន្ថែមទៀត៕