(ប៉ៃលិន)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តប៉ៃលិន បង្ក្រាបបាននាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចគាស់ហាងលក់ទូរស័ព្ទដៃ ដែលមានម្ចាស់តូបឈ្មោះ សុទ្ធ វ៉ាន់សៀម ស្ថិតនៅផ្សារសាមគ្គី (ហៅផ្សាប៉ាហ៊ី) ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយយកទូរសព្ទបានចំនួន ៨គ្រឿង។

លោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ស្ន ងការរងនគរបាលខេត្ត បានឱ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះថា បន្ទាប់ពីទទួលបណ្តឹងពីឈ្មោះ សុទ្ធ វ៉ាន់សៀម ម្ចាស់តូបលក់ទូរស័ព្ទដៃក្នុងផ្សារប៉ាហ៊ី លោកក៏បានបញ្ជាកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវនឹងស៊ើបអង្កេតភ្លាមៗតែម្តង ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីពិនិត្យមើលកន្លែងកើតហេតុ ស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកាម៉េរ៉ាសុវត្ថិភាពនៅជុំវិញផ្សារ និងតូបអាជីវករ បានកំណត់បានមុខសញ្ញាបានភ្លាមៗតែម្តង។

លោកបានបន្តថា លុះដល់វេលាម៉ោង ៥ល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញក៏បាននាំខ្លួនឈ្មោះ ចាន់ វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិកហាងលក់ទូរស័ព្ទដៃ លីនណា ដែលមានតូបលក់ទូរស័ព្ទដៃជាប់គ្នាតែម្តង ហើយកំលាំងជំនាញ ក៏បានយកមកសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានចូលលួចទូរសព្ទដៃពីតូបរបស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ដែលនៅក្បែរកន្លែងហាងស្នាក់នៅរបស់ខ្លួនពិតប្រាកដមែន ហើយក្រោយពីគាស់តូប លួចបានទូរស័ព្ទដៃហើយនោះ ក៏បានយកទៅលាក់ទុកនៅក្រោយហាងលក់ទូស័ព្ទដៃ លីនណា ដែលជាកន្លែងខ្លួនធ្វើការ និងស្នាក់នៅនោះតែម្តង។

លោក អ៊ីវ គឹមស៊ាន បានបន្ថែមថា ចំពោះវត្ថុតាងដែលដកហូតពីជនសង្ស័យមកវិញបានរួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO F11 Pro ចំនួន ៣គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO F11 ចំនួន ២គ្រឿង, ទូរស័ព្ទដៃម៉ាក OPPO A3s ចំនួន ២គ្រឿង, និងទូរស័ព្ទដៃម៉ាក HAUWEI ចំនួន ១គ្រឿង គិតសរុបជាទឹកប្រាស់សរុបចំនួន ២,២៤៤ដុល្លារ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ មានករណីចោរលួចគាស់តូបលក់ទូរស័ព្ទដៃមួយកន្លែងនៅផ្សារសាមគ្គី (ហៅផ្សាប៉ាហ៊ី) ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានម្ចាស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយបាត់បង់ទូរស័ព្ទម៉ាក់ទំនើបៗ ចំនួន ៨គ្រឿង៕