(កំពង់ចាម)៖ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីបិទវគ្គបំប៉នជំនាញស៊ើបអង្កេត បទស្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ពិធីនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោក លោកស្រីស្នងការរង លោកអនុប្រធាន ផែនជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុងទាំង១០ លោក លោកស្រី នាយផ្នែក និងសិក្ខាកាមផងដែរសរុបចំនួន៣៦៩នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឡើងអានរបាយការណ៍ស្វាគមន៍ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស ឡើងអានរបាយការណ៍ ស្តីពីលទ្ធផលនៃវគ្គសិក្សា។

បន្ទាប់មកការសម្តែងក្បាច់គុណរបស់សិក្ខាកាម ចំនួន០៤គូរ ដើម្បីឲ្យគណៈអធិបតី លោក លោកស្រី សមាជិក សមាជិកាទស្សនា និងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាចំនួន៩៤នាក់ ស្រី២៤នាក់ ក្នុងនោះនិទ្ទេសល្អ ចំនួន២០នាក់ ស្មើនឹង២១,៣០ភាគរយ និទ្ទេសល្អបង្គួរ ចំនួន៥០នាក់ ស្មើនឹង៥៣,២០ភាគរយ និងនិទ្ទេសមធ្យម ចំនួន២៤នាក់ ស្មើនឹង២៥,៥០ភាគរយ។

វគ្គបំប៉នជំនាញនេះ បានដំណើរការយ៉ាងរលូន តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់វគ្គ ក្រោមការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភាររបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន, លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ជួយគាំទ្របង្កើតវគ្គនេះឡើង រហូតបានបញ្ចប់តាមការរំពឹងទុកសម្រេចលទ្ធផលបានជោគជ័យ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីស្នងការ ដែលបានបង្កើតវគ្គបំប៉ននេះឡើង និងសូមឲ្យសិក្ខាកាម ខិតខំយកចិត្តទុកដាក់ប្រឹងប្រែងការងារជំនាញឲ្យបានល្អ ព្រមទាំងសិក្សាបន្ថែមពីរៀមច្បងចាស់ៗ ដែលគាត់មានបទពិសោធន៍ច្រើន និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បើគ្មានសាមគ្គីភាពទេ អង្គភាពនោះមិនទទួលបានជោគជ័យឡើយ៕