(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា មានរន្ទះបាញ់មួយករណីបានកើតឡើង បណ្តាលឲ្យភ្ញៀវទេសចរបរទេសម្នាក់ ក្នុងចំណោមបីនាក់ បានវង្វេងបាត់បង់ស្មារតី ភ័យស្លន់ស្លោរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ប្រភពព័ត៌មានដដែល បានអះអាងថា ក្នុងចំណោមជនបរទេសស្បែកស ទាំងបីនាក់នោះ គឺមានម្នាក់ គឺស្ថិតនៅចម្ងាយឃ្លាតពីដើមឈើ ដែលត្រូវរន្ទះបាញ់នោះប្រមាណ៣ម៉ែត្រ។

ប្រភពព័ត៌មានឲ្យដឹងបន្តថា មុនពេលកើតហេតុរន្ទះបាញដាច់ដើមឈើមួយកំណាត់នោះ គឺផ្ទៃមេឃនៅលើកោះរ៉ុង គឺមានភ្លៀងផ្គររលឹមជាប់មិនដាច់គ្នា។ ហើយថាទំនងជាជនបរទេសម្នាក់ ក្នុងចំណោមបីនាក់នោះ បានប្រើប្រាស់ទូរស័ព្ទ ពេលមេឃកំពុងភ្លៀង នៅក្រោមជម្រកជួលស្នាក់នៅ របស់ពួកគេ មានទីតាំងនៅជិតដើមឈើធំៗ នៅលើកោះរ៉ុង។

បច្ចុប្បន្ននេះ ជនបរទេសទាំងបីនាក់ បានជិះទូកវិលត្រឡប់ពីដំណើរកម្សាន្តតាមកោះ វិលមកលើដីគោក នាទីប្រជុំជនក្រុងព្រះសីហនុវិញដោយសុវត្ថិភាព ប៉ុន្តែសតិអារម្មណ៍ របស់ជនបរទេសម្នាក់ ក្នុងចំណោម៣នាក់ គឺមានការភ្លាំងភ្លេច ឬបាត់បង់សតិមួយចំនួន ដោយនិយាយអត់ដឹងក្បាលដឹងកន្ទុយនោះទេ។

ផ្តើមពីបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ទូរស័ព្ទដៃឲ្យសោះ នៅពេលមេឃកំពុងមានផ្លេកបន្ទោល មានភ្លៀង និងផ្គរលាន់ជាដើម ព្រោះបារម្ភខ្លាចកើតមានបាតុភូតរន្ទះបាញ់កើតឡើងជាយថាហេតុណាមួយកើតឡើង៕