(រតនគិរី)៖ ក្នុងគោលបំណងធានានូវសុខុមាលភាព ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារ នៅផ្សារអូយ៉ាដាវ និងផ្សារបរកែវ ក្នុងខេត្តរតនគិរី រកឃើញផលិតផលមួយចំនួនហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញនេះ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន៣៥.៧២គីឡូក្រាម បានធ្វើកំណត់ហេតុ និងដកហូតទុកដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ចៀសការឆ្លងបាត់តេរីផ្សេងៗ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទទំនិញ និងហាមដាក់តាំងលក់ទំនិញណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕