(កំពង់ចាម)៖ អំណោយរថយន្តសង្គ្រោះបន្ទាន់ ចំនួន០៤គ្រឿង របស់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសង្គ្រោះអាយុជីវិត និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ស្របតាមគោលការណ៍ «អភិបាលកិច្ចល្អ» ត្រូវបានប្រគល់ជូនដល់មណ្ឌលសុខភាពស្រុកបាធាយ និងស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវរថយន្តសង្គ្រោះបន្ទាន់ទាំង០៤គ្រឿង ដែលរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម, លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា រថយន្តទាំងអស់នេះ នឹងរួមចំណែកផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរ ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ រួមទាំងស្ត្រី និងកុមារ បានទាន់ពេលវេលា។

«គោលដៅចម្បងរបស់យើង គឺធ្វើយ៉ាងម៉េច ជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺទាំងធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយថ្លៃចំណាយព្យាបាល របស់ប្រជាជនទាំងអស់!» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់ប្រជាពលរដ្ឋ អំពីគុណតម្លៃនៃសន្តិភាព ដែលជាកត្តាសំខាន់ សម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍប្រទេស និងការកសាងសមិទ្ធផលនានា ដើម្បីប្រែក្លាយកម្ពុជា ឲ្យទៅជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ គ្មានសង្គ្រាម ឬអំពើប្រល័យពូជសាសន៍ និងការបាក់បែកផ្ទៃក្នុងជាតិ ដូចអតីតកាល។

ទន្ទឹមគ្នានោះដែរ លោកក៏បានរំលឹកឡើងវិញអំពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលតែងតែបូជាកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងស្មារតី ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន នៅក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមរថយន្តសង្គ្រោះបន្ទាន់ទាំង ០៤គ្រឿងខាងលើ រថយន្តចំនួន ០២គ្រឿង នឹងត្រូវផ្តល់ជូនមណ្ឌលសុខភាពឃុំសំបូរ និងឃុំសណ្តែក នៃស្រុកបាធាយ ចំណែក ០២គ្រឿងទៀត នឹងត្រូវផ្តល់ជូនមណ្ឌលសុខភាព ឃុំស្រង៉ែ និងឃុំថ្មពូន នៃស្រុកព្រៃឈរ។

បន្ថែមលើនេះទៀត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក យឹម ឆៃលី បានធ្វើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន០២គ្រឿង ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរផងដែរ។ បើគិតសរុប ស្រុកព្រៃឈរ បានទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ០៤គ្រឿងហើយ ចំណែកឯស្រុកបាយធាយ ទើបតែទទួលបានរថយន្តចំនួន ០២គ្រឿង នៅថ្ងៃនេះទេ៕