(កំពង់ចាម)៖ លោក Elder Peter Meurs តំណាងសាសនាចក្រព្រះយេស៊ូគ្រឹស្ត នៃពួកបរិស័ទថ្ងៃចុងក្រោយ បានស្ម័គ្រចិត្តជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលខេត្តកំពង់ចាម និងជួយផ្គត់ផ្គង់ផ្នែកសម្ភារបរិក្ខាពេទ្យផងដែរ។

នេះជាលទ្ធផល ក្នុងជំនួបពិភាក្សារវាងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក Elder Peter Meurs តំណាងសាសនាចក្រព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម។

លោក គួច ចំរើន បានលើកឡើងថា ការខ្វះបន្ទប់សំរាកព្យាបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលនេះគឺជាគម្រោងធំ ហើយត្រូវចំណាយថវិកាអស់រាប់លានដុល្លារអាមេរិកទើបអាចធ្វើបាន។ លោកបន្តថា គម្រោងបែបរឹងទី២ គឺទាក់ទងទៅនឹងការសាងសង់ ធន់ល្មម គឺការសង់អាគារសម្រាប់ចាក់វ៉ាក់សាំងជំងឺសត្វខាំ។ ម្យ៉ាងទៀតទីកន្លែងដែលត្រូវរក្សាទុកវ៉ាក់សាំងនាពេលបច្ចុប្បន្ន គឺជាបន្ទប់មួយដែលខ្ចីពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលប្រការនេះអាចធ្វើឱ្យវ៉ាក់សាំងទាំងនោះអន់ថយនៃគុណភាពថ្នាំ ព្រោះការទុកដាក់មិនសូវល្អ។

លោកថ្លែងទៀតថា គម្រោងទី៣ គឺផ្នែកសង្គមកិច្ច ពិសេសគឺទាក់ទងទៅនឹងបន្ទប់អនាម័យតាមខ្នងផ្ទះ ដែលបច្ចុប្បន្នប្រជាពលរដ្ឋមានចំនួន ២៧ម៉ឺនខ្នងផ្ទះ ក្នុងនោះមានខ្នងផ្ទះប្រមាណជាជាង ១៧ម៉ឺន មានបន្ទប់អនាម័យ។ ដោយឡែកនៅសល់ជាង ៩ម៉ឺនខ្នងផ្ទះទៀតដែលមិនទាន់មានបន្ទប់អនាម័យ ដែលប្រការនេះអាចពួកគាត់ទៅបន្ទោរបង់ពាសវាលពាសកាល តាមទីសាធារណៈ ដែលជាហេតុនាំឲ្យមានឆ្លងមេរោគ តាមរយៈការបន្ទោបង់ពាសវាលពាសកាលនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ។

លោក គួច ចំរើន បន្ថែមថា គម្រោងទី៤ គឺផ្នែកបញ្ជ្រាបចំណេះដឹងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ។ តាមលោកអភិបាលខេត្ត បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា ៩៥% ពួកគាត់មើលមិនឃើញ អំពីតម្លៃនៃការពិនិត្យសុខភាពនោះទេ ពោលគឺបើពួកគាត់មិនឈឺ គឺមិនទៅមន្ទីរពេទ្យតែម្ដង។

ប៉ុន្តែចំពោះបញ្ហាពិនិត្យសុខភាពនេះ រាជរដ្ឋាភិបាលបានគិតគូរជាចម្បងទៅលើស្រ្តីក្រីក្រមានផ្ទៃពោះ ត្រូវបានលើកទឹកចិត្តឱ្យមកពិនិត្យសុខភាព៤ដង ដោយមកពិនិត្យ១ដង រដ្ឋឧបត្ថម្ភថវិកា ៤ម៉ឺនរៀល ម្យ៉ាងទៀតស្ត្រីដែលមកសម្រាលកូននៅមន្ទីរពេទ្យ រដ្ឋឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ពេលសម្រាលរួច រដ្ឋបានលើកទឹកចិត្តឲ្យម្តាយ យកកូនមកពិនិត្យចំនួន១០ដង រហូតដល់អាយុ២ឆ្នាំ ដោយនាំកូនមកពិនិត្យម្ដង រដ្ឋឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ដែលកិច្ចការនេះនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះតទៅ។

លោក Elder Peter Meurs តំណាងសាសនាចក្រព្រះយេស៊ូវគ្រឹះនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានថ្លែងក្នុងឱកាសនោះថា កន្លងមកខាងលោកបានសង្កេតឃើញនៅតាមមន្ទីរពេទ្យ ឬក៏មណ្ឌលសុខភាព នៅមានការខ្វះខាតឧបករណ៍សម្ភារប្រើប្រាស់ និងផ្នែកជំនាញនៅមានកម្រិត។ ដូច្នេះអ្វីដែលពួកលោកត្រូវចាប់ផ្ដើម គឺស្ម័គ្រចិត្តជួយបង្ហាត់ពង្រឹងសមត្ថភាពបន្ថែមទៅដល់គ្រូពេទ្យ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេសទាក់ទងទៅនឹងជំនាញ ការសង្គ្រោះបន្ទាន់តែម្តង និងចូលរួមចំណែកផ្ដល់សម្ភារបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យប្រើប្រាស់ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា៕