(ភ្នំពេញ)៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រី ដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះមាន៤ក្រុម ចូលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងភ្នំពេញ នៅ Exchange Square។

ក្រុមចម្រៀងកំពូលទាំង៤ មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះ បានគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានា ទាក់ទងនឹងយុវជន។ ជ័យលាភីលេខ១ បានទៅក្រុម Hashtag, លេខ២ ក្រុម Batbangers និងលេខ៣ ក្រុម Sweet band។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ បានរៀបចំធ្វើឡើង នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ចាប់ផ្តើមពីម៉ោង០៥៖០០ល្ងាច ដែលជាការសម្តែងបញ្ចូលគ្នា រវាងក្រុមតន្រ្តីដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូតរបស់ Cellcard កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Euan Gray។

កម្មវិធី Battle of the Bands Cambodia ២០១៩ ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ Cellcard ហើយនេះ គឺជាការប្រកួតទូទាំងប្រទេស ដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរ ដែលមានសមត្ថភាពជំនាន់ថ្មី។

ការប្រកួតនេះ បានទាក់ទាញ ក្រុមតន្ត្រីថ្មីៗជាង១៦ក្រុម ដែលក្រុមជ័យលាភី នឹងទទួលបានការចុះកុងត្រា ពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន ២,៥០០ដុល្លារ ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ និងកុងត្រា៣ខែ ដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់ផ្តើមដ៏ល្អ ដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុន ក្នុងការផ្ដោតលើក្រុមយុវជន ដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

លោកបានបន្តថា «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជន ដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ»។ លោកបន្ថែមថា «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករក្មេងៗ ស្របពេលដែលពួកគេកំពុងលូតលាស់ នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី Cellcard»។

គណៈកម្មាការ មានដូចជា លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records, លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បាននិយាយដូចៗគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ ដែលបានមកចូលរួមក្នុងការប្រកួតនេះ៕