(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកែសម្រួលសេចក្ដីសម្រេច ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ពិធីប្រកាសកែសម្រួលសេចក្ដីសម្រេច ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ស្រុកជើងព្រៃ ខាងលើនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃផងដែរ។ ពិធីនេះ រៀបចំធ្វើនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ។

ថ្លែងក្នុងពិធីនោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានជំរុញដល់ក្រុមការងារ ដែលទើបទទួលបានការតែងតាំង សូមយកចិត្តទុកដាក់ខ្ពស់ ចុះដល់មូលដ្ឋានជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីតម្រូវការ ចាំបាច់ក្នុងមូលដ្ឋាន លើកគោលការណ៍ដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ពិសេសធ្វើអំពើល្អ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺមានភាពច្បាស់ការ ក្នុងការដឹកនាំប្រទេស និងក្នុងការរួបរួមជាតិ ផ្សះផ្សាជាតិ និងបានដឹកនាំប្រទេស ប្រកបទៅដោយមោទណភាពខ្ពស់ ប្រកបដោយថាមពល។

ឧបនាយករដ្ឋមន្ដ្រី បន្ដទៀតថា សម្ដេចតេជោ បានបង្កើតនូវឱកាសល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស ដែលបានបោសជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបទៅដោយក្ដីទុកចិត្ត និងដាច់ខាតមិនអនុញ្ញាតឲ្យកម្លាំងអនុភាពអាក្រក់ណាមួយ និងប្រទេសណាមួយ មកបំផ្លាញនូវសុខសន្ដិភាព និងរារាំងនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននោះទេ។

ជាមួយគ្នានោះ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម រូបនេះ ក៏បានលើកឡើងថា ប្រទេសកម្ពុជា បានរៀបចំខួប៤០ឆ្នាំ ខួប៧មករា ដែលជាខួបជ័យជំនះប្រវិត្ដសាស្ដ្រ។ លោកថា ការធ្វើខួបនេះ បញ្ជាក់អំពីការដឹកនាំដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបន្ថែមទៀតថា ក្នុងនោះ ក៏មិនភ្លេចថ្ងៃ២ធ្នូដែរ មានថ្ងៃ២ធ្នូ គឺមានថ្ងៃ៧មករា មាន៧មករា ទើបមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។ ថ្ងៃ៧មករា គឺជាមាតាទី០២ របស់ប្រជាជនកម្ពុជា។ លោកថា នេះជាទំនុកទុកចិត្ត ការប្ដេជ្ញាចិត្ត និងដឹងគុណ នៃថ្ងៃ២ធ្នូ និងថ្ងៃ៧មករា៕