(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផលែ្លត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថា ការសិក្សាភាសាចិន និងភាសាបរទេស ជាស្ពានសម្រាប់បង្កើនចំណេះដឹង ផ្សារភ្ជាប់ទំនាក់ទំនងកាទូត យល់ដឹងពីវប្បធម៌ ប្រពៃណីវប្បធម៌រវាងប្រទេសមួយទៅប្រទេសមួយទៀត ដូចសុភាសិតចិនមួយឃ្លាថា «ផែនការរយឆ្នាំ ផ្តើមចេញពីការអប់រំ»។

ការលើកឡើងរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោក និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធសាលារៀន និងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ នៃសាលារៀនខ្មែរចិន មីងចុង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក អ៊ាង សុផលែ្លត បានលើកឡើងថា ការសិក្សាភាសាបរទេស ក៏ដូចជាភាសាចិន មិនត្រឹមតែជាស្ពានសម្រាប់បង្កើនចំណេះដឹង កសាងជីវភាព និងសង្គមជាតិប៉ុណ្ណោះទេ តែវាអាចផ្សារភ្ជាប់ទំនាក់ទំនងការទូត យល់ដឹងពីវប្បធម៌ ប្រពៃណីវប្បធម៌រវាងប្រទេសមួយ ទៅប្រទេសមួយទៀត និងជាប្រយោជន៍ដល់សង្គមនាពេលអនាគត ក្នុងទំនាក់ទំនងការទូតថែមទៀតផង។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបាន គឺអាស្រ័យលើកត្តាធនធាននុស្ស ដែលមានចំណេះដឹងជាចាំបាច់ ដូច្នេះការសិក្សារៀនសូត្រ ពិតជាមានសារៈសំខាន់បំផុត ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី ដើម្បីយកចំណេះដឹងទៅកសាងជីវភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

លោកបន្តថា ការសិក្សារៀនសូត្រមិនថាលើជំនាញអ្វី ឬភាសាអ្វីនោះទេ គឺមានសារៈប្រយោជន៍ទាំងអស់ ជាក់ស្តែងដូចជាសាលារៀន មីងចុង ក្នុងស្រុកអូរាំងឪនេះជាដើម បានជួយបណ្តុះបណ្តាលសិស្សប្រកបដោយគុណភាពយ៉ាងច្រើនដល់សង្គមខ្មែរ ជាងនេះទៅទៀតធ្វើឲ្យយុវជនជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់ពីប្រពៃណីវប្បធម៌ រវាងប្រទេសនីមួយៗនៅលើសកលលោកតាមរយៈការសិក្សារៀនសូត្រភាសាបរទេស ពិសេសគឺភាសាចិន និងអង់គ្លេស។

ជាមួយនឹងការលើកឡើងបែបនេះ លោកក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹង ទៅកសាងជីវភាពគ្រួសារនាពេលអនាគត ពិសេសអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

យោងតាមប្រធានសមាគមចិនស្រុកអូររាំងឪ បានឲ្យដឹងថា អគារសិក្សាថ្មីមានចំនួន ២ជាន់ ៧បន្ទប់ នៅសាលារៀនចិន មីងចុងនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ហើយរួចរាល់ជាស្ថាពរ នៅខែមីនា ឆ្នាំ២០១៩នេះ។ ចំពោះអគារចាស់ក៏ត្រូវបានលាបពណ៌ឡើងវិញផងដែរ ក្រោមការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀលអឺស្ទេត រួមជាមួយសប្បុរសជនជាច្រើនទៀត សរុបថវិកាទាំងអស់ ចំនួន៦៩,៩៩៩ដុល្លារដុល្លារអាមេរិក។

ប្រធានសមាគមចិនស្រុកអូររាំងឪ បានលើកឡើងផងដែរថា ប្រទេសចិនមានពាក្យមួយឃ្លាបានពោលថា «ផែនការរយឆ្នាំ ផ្តើមចេញពីការអប់រំ» តាមរយៈសមិទ្ធិផលគួរឲ្យមោទនៈនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ ពិសេសក្នុងស្រុកអូររាំងឪ ដោយស្របទៅតាមគោលនយោបាយអប់រំជាតិ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងរួមចំណែកក្នុងការអភិឌ្ឍន៍សង្គមជាតិផងដែរ៕