(ភ្នំពេញ)៖ ថ្លែងចេញពីទីក្រុងបាងកក ប្រទេសថៃ ក្នុងសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សង្គមមួយដែលមានសមធម៌ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការផ្ដល់សិទ្ធិអំណាចដល់ប្រជាជនកាន់តែពេញលេញ និងការបង្កើនបរិយាប័ន្ន នាពេលអនាគតផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក៏បានទទួលស្គាល់ថា ចំពោះប្រជាជនកម្ពុជា ទោះបីទទួលបានការរីកចម្រើន ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះក្ដី ក៏នៅមានស្រទាប់ប្រជាជន ឬសហគមន៍មួយចំនួន មិនទាន់ទទួលបាននូវសិទ្ធិអំណាចសមរម្យ, នៅងាយទទួលរងគ្រោះ និងនៅមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ផងដែរ។

ឆ្លើយតបនូវបញ្ហាទាំងអស់នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញជំនឿថា វិធីសាស្ដ្រមួយដែលអាចអនុវត្តបាន ដើម្បីឈានទៅសម្រេចបាន នូវគោលដៅនេះ គឺការធ្វើបរិយាប័ន្នកម្ម។ សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការធ្វើបរិយាប័ន្នកម្ម អាចសម្រេចទៅបានតាមរយៈការផ្ដល់សិទ្ធិអំណាច ដល់ប្រជាជន ដោយចាប់ផ្ដើមចេញពីថ្នាក់មូលដ្ឋាន ដែលជាការអនុញ្ញាតឲ្យពួកគាត់អាចបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការផ្លាស់ប្ដូរទៅរកសង្គមមួយ ដែលកាន់តែមានសមធម៌។

ខាងក្រោមនេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៖

«ខ្ញុំមានជំនឿថា វិធីសាស្ត្រមួយដែលយើងអាចអនុវត្តបាន ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ គឺការធ្វើបរិយាប័ន្នកម្ម។ ការធ្វើបរិយាប័ន្នកម្ម អាចសម្រេចទៅបាន តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាជន ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋានដែលជាការអនុញ្ញាតឱ្យពួកគាត់ អាចបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូរទៅរកសង្គមមួយដែលកាន់តែមានសមធម៌។ ជាលទ្ធផលត្រឡប់មកវិញ, សង្គមមួយដែលកាន់តែមានសមធម៌ ក៏នឹងក្លាយជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់ការផ្តល់សិទ្ធិអំណាចកាន់តែពេញលេញ និងការបង្កើនបរិយាប័ន្ន នាពេលអនាគតផងដែរ»