(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោកប្រធានភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) បានបើកវគ្គហ្វឹកហ្វឺន ស្តីពីការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់អតីតសមរភូមិ នៃកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺនអ៊ីរ៉ាក់-កម្ពុជា គាំទ្រដោយ JICA។

លោក ហេង រតនា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ ជាវគ្គហ្វឹកហ្វឺនលើកទី៥ ដែលមានសិក្ខាកាមអ៊ីរ៉ាក់ចំនួន២៧នាក់ មកពីស្ថាប័នផ្សេងៗ គ្នារួមមានក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអង្គភាពកំចាត់មីនឃើដ។

លោកបន្តថា វគ្គហ្វឹកហ្វឺននេះ មានរយ:ពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩ កម្មវិធីហ្វឹកហ្វឺននេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ (TIMA) កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។

លោកអគ្គនាយកបានបញ្ជាក់ផងដែរថា ស៊ីម៉ាក់ក៏បានធ្វើការហ្វឹកហ្វឺនដូចគ្នានេះ ដល់ប្រទេសចំនួន១០ផ្សេងទៀតផងដែរ ហើយសម្រាប់ប្រទេសអ៊ីរ៉ាក់នេះ ដែរស៊ីម៉ាក់បានធ្វើការហ្វឹកហ្វឺនបានចំនួន៥វគ្គ ដែលមានសិក្ខាកាមចំនួន១៤១នាក់៕