(ភ្នំពេញ)៖ មន្ដ្រីនគរបាលចូលនិវត្តន៍ម្នាក់ តូចចិត្តនឹងជំងឺរបស់ខ្លួនព្យាបាលមិនជា បានសម្រេចចិត្តលោតសម្លាប់ខ្លួន ពីអគារជាន់ទី៤ នៃមន្ទីរពេទ្យរុស្ស៊ី ពេលទៅបើកថ្នាំ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅអគារជាន់ទី៤ នៃមន្ទីរពេទ្យផ្នែករោគស្ដ្រី។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ​ជនរងគ្រោះដែលគិតខ្លីលោតសម្លាប់ខ្លួន ឈ្មោះ លាវ វាន់ណារិន អាយុ៥៨ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២២០E2 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានបញ្ជាក់ថា​ រាល់ដងនៅពេលមកបើកថ្នាំពីពេទ្យ ជនរងគ្រោះតែងតែមានប្រពន្ធ ឬកូនជាអ្នកជូនមក ប៉ុន្ដែលើកនេះឃើញមកតែម្នាក់ឯងនោះទេ ហើយស្រាប់តែជនរងគ្រោះលោតពីលើអគារសម្លាប់ខ្លួនតែម្ដង។ ប្រភពដដែលបន្ថែមថា ស្ថានភាពជំងឺរបស់ជនរងគ្រោះ ហាក់មានសភាពធ្ងន់ធ្ងរ ហើយពិបាកក្នុងការព្យាបាល ពោលក្រុមគ្រួសារធ្លាប់បានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ប៉ុន្ដែមិនជានោះទេ។

យ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់ជនរងគ្រោះ មិនបានប្ដឹងផ្ដល់អ្វីទៅកាន់មន្ទីរពេទ្យនោះទេ ព្រោះក្រុមគ្រួសារដឹងច្បាស់ថា ការលោតសម្លាប់របស់ខ្លួនជនរងគ្រោះ ដោយសារតូចចិត្តនឹងជំងឺប្រចាំកាយ៕