(បាងកក-ថៃ)៖ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់ UN-ESCAP ការផ្ដល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព នាទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញគន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ របស់កម្ពុជា ក្នុងការសម្រេចគោលដៅ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។

គន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ ចំណុចសំខាន់ៗ ដែលមានប្រសាសន៍ដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ រួមមាន៖

*ទី១៖ ការដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្ត ក្នុងការធានាឲ្យមានសុវត្ថិភាព ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។

*ទី២៖ ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ។

*ទី៣៖ ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ដោយយកចិត្តទុកដាក់លើការប្រែប្រួល នៃកត្តាប្រជាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់អាចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរ នៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច, សកម្មភាពសាសនា និងសកម្មភាពនយោបាយ តាមបំណងប្រាថ្នារបស់ពួកគាត់ ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹង និងជំនាញដែលអាចអនុញ្ញាតឲ្យពួកគេរស់នៅប្រកបដោយផលិតភាព, សុខភាពល្អ មានភាពសកម្ម និងមានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា បទពិសោធន៍របស់កម្ពុជា បានបញ្ជាក់ច្បាស់ថា សន្ដិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយបញ្ច្រាសមកវិញ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ពង្រឹង និងធានានូវសុខសន្ដិភាព និងស្ថិរភាពសង្គម។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ឈរលើមូលដ្ឋាននៃបទពិសោធន៍នេះ ប្រជាជាតិកម្ពុជាទាំងមូល ផ្ដល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្ដ ថែរក្សាសន្ដិភាព និងស្ថិរភាព ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះកំពុងហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស៕