(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តបើកវគ្គបណ្តុះបណ្តាលជំនាញ អធិការកិច្ចបឋមស្តីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» ជំនាន់ទី២ វគ្គ២ កម្រិត១ នៅក្នុងឆ្នាំ២០១៩ ដែលមានរយៈពេល៧ថ្ងៃ។

លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ) បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលបឋមនេះ បានធ្វើឡើងរយៈ ពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែឧសភា តទៅក្រោមអធិបតីភាពលោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីក្រសួង។

លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង បានជំរុញឱ្យមានការបើកវគ្គបណ្តុះបណ្តាលវិស័យអធិការកិច្ច ដែលសម្រាប់ឆ្នាំ២០១៩នេះ វិទ្យាស្ថានបានបើកវគ្គចំនួន ៣លើករួចមកហើយ និងមានសិក្ខាកាមមកពីគ្រប់អគ្គនាយកដ្ឋាន និងតាមមន្ទីរគ្រប់ខេត្ត-រាជធានី ចំណុះឱ្យក្រសួងមានចំនួន១២៥នាក់ ដោយបានផ្តល់ជាវិញ្ញាបនប័ត្រ ជូនសិក្ខាកាមគ្រប់រូប តាមសមត្ថភាពនៃការកណត់និទ្ទេសផងដែរ។

លោកបណ្ឌិត ចាប សុថារិទ្ធ បានបញ្ជាក់ថា វិស័យអធិការកិច្ច គឺជាវិស័យមួយដ៏មានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យការគ្រប់រដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈការធ្វើ អធិការកិច្ច លើគ្រប់វិស័យ សំដៅបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។ តែងតែការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុស ដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការ ដើម្បីចូលរួមបំពេញបំបន្ថែម សម្រាប់ឈានទៅសម្រេចយុទ្ធសាស្ត្រ ចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល។ ដោយមានសារៈសំខាន់នេះហើយ ទើបថ្នាក់ដឹកនាំក្រសួងសម្រេចឱ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអធិការកិច្ច។

លោកបណ្ឌិត ចាប សុថារិទ្ធ បានបញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកស្រី ម៉ែន សំអន បានដាក់ចេញនូវផែនការទិសដៅច្បាស់លាស់ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឱ្យកាន់តែមានគុណភាព តាមរយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ អធិការកិច្ចឱ្យបានគ្រប់កំរិត ចាប់ពីបឋម មធ្យម និងឧត្តមសិក្សាស្របតាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀតរួមមានទី១៖ ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ និងទី២៖ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយឯកសារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា បើទោះជាវិទ្យាស្ថាន ទើបតែបង្កើតឡើងក្តីតែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់សម្រាប់មន្ត្រីជំនាញនូវគ្រប់កម្រិតទាំងនៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះ កំពុងបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព៕