(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មាការបច្ចេកទេសជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើល និងពិភាក្សាលើលទ្ធផល នៃរបាយការណ៍បណ្តោះអាសន្ន នាទីស្តីការក្រសួង។

សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា បានធ្វើឡើងដោយមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានថ្លែងថា ការធ្វើជំរឿនប្រជាជនទូទៅ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការធ្វើជំរឿនប្រជាជនកម្ពុជា អាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»៕