(បាងកក-ថៃ)៖ ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គសន្និបាតទាំងមូល អំពីការរីកចម្រើនយ៉ាងលឿន របស់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧ភាគរយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កំណើនសេដ្ឋកិច្ចខ្ពស់ជាង២០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយខ្លួន ជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក និងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើននៃប្រទេសកម្ពុជានេះ គឺបានមកពីកត្តាសន្តិភាព បើគ្មានសុខសន្តិភាពទេនោះ កម្ពុជាមិនអាចកសាងនូវខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឡើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត សម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។ លើមូលដ្ឋាននេះ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧% ក្នុងមួយឆ្នាំ, ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ហើយបានប្រែក្លាយខ្លួន ជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុត ក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ កន្លងទៅ»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រថា អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាបច្ចុប្បន្ន។ កម្ពុជាមានមហិច្ឆិតាក្នុងការប្រែក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

សូមជម្រាបថា បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ កម្ពុជាជាប់ជាប្រទេសឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា៧.៧%, មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, បង្កើតបរិស្ថានធុរកិច្ចអំណោយផល ក៏ដូចជាការគ្រប់គ្រង បំណុលសាធារណៈមានភាពល្អប្រសើរ៕