(បារាំង)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានបន្ដចូលរួមក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្ដាល នៃប្រទេសនិយាយភាសាបារាំងលើកទី២៥ នៅទីក្រុង Bordeaux ប្រទេសបារាំង។

សន្និសីទនៅឆ្នាំ២០១៩ រៀបចំឡើងដោយធនាគារកណ្តាលបារាំង ក្រោមប្រធានបទ «ធនាគារកណ្តាលរដ្ឋាភិបាល និងសាធារណៈមតិ» ដោយមានវត្តមានទេសាភិបាលមកពី ធនាគារកណ្តាលចំនួន ២១មកពីទ្វីបអឺរ៉ុប, អាមេរិក, អាស៊ី និងអាហ្វ្រិក។ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកាអន្តរជាតិក្នុងក្របខណ្ឌ នៃប្រទេស និយាយភាសាបារាំង ដើម្បីផ្តល់ឱកាសជូនថ្នាក់ទេសាភិបាលបានជួបជុំរឹតចំណងមិត្តភាព ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅលើការងារចម្បងរបស់ធនាគារកណ្តាល។

ប្រធានបទដែលនឹងលើកយកមកពិភាក្សាលើនេះនិយាយអំពី៖

*ទី១៖ ការរួមចំណែករបស់ធនាគារកណ្តាល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលអង្គប្រជុំបានបង្ហាញពីតួនាទីចម្បងរបស់ធនាគារកណ្តាល ក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន ដែលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
*ទី២៖ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងធនាគារកណ្ដាល និងរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល ការដឹកនាំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការរក្សាភាពឯករាជ្យ របស់ធនាគារកណ្តាលដែលមានសារៈសំខាន់ ក្នុងការអនុវត្តឱ្យបានជោគជ័យមុខងារភារកិច្ចរបស់ខ្លួន។
*ទី៣៖ គោលនយោបាយ និងឧបករណ៍ផ្សព្វផ្សាយ នៃធនាគារកណ្ដាល ដែលកាន់តែមានភាពចាំបាច់ ដល់សាធារណជន ដើម្បីបង្កើនភាពជឿជាក់ និងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងវិធានការនានា។
*ទី៤៖ តួនាទីរបស់ធនាគារកណ្ដាល ក្នុងការបង្កើនចំណេះដឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារកណ្ដាលបរិយាប័ន្នហិរញ្ញវត្ថុ និងវិសមភាព។

លោកអគ្គទេសាភិបាល បានចែករំលែកពី ស្ថានភាពរីកចម្រើន នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នារយៈពេល ២ទស្សវត្សរ៍ចុងក្រោយ និងតួនាទីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់វឌ្ឍភាពនេះ។ ការរួមចំណែកនេះត្រូវបានធ្វើឡើង តាមរយៈការរក្សាស្ថិរភាពថ្លៃ និងអត្រាការប្រាក់, ការបង្កើនទុនបម្រុងអន្តរជាតិ, ការអភិវឌ្ឍវិស័យធនាគារ និងការធ្វើទំនើបកម្មប្រព័ន្ធទូរទាត់ជាដើម។

លើសពីនេះធនាគារជាតិ នៃកម្ពុជា បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអប់រំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់ សាធារណជន។ ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានសម្ភោធសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុដើម្បីផ្សព្វផ្សាយពីប្រវត្តិ និងបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាជូនដល់សាធារណជន។

បន្ថែមពីនេះ ក៏មានការផ្តល់ព័ត៌មាន និងស្ថិតិនានារបស់ធនាគារជាតិ ក៏ងាយស្រួលទទួលបាន និងទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្តាញសង្គមនានា៕