(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងផ្នែកអធិការកិច្ចកងទព័ជើងគោក ប្រចាំខេត្តក្រចេះ រួមនឹងអាជ្ញាធរក្រុង សង្កាត់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បាននាំអំណោយចុះជួយឧបត្ថម្ភដល់ស្ត្រីម្នាក់ ដែលមានជំងឺធ្ងន់ធ្ងរ ប្រចាំកាយដេកនៅនឹងកន្ទេល អស់រយៈជាច្រើនខែ មិនមានប្រាក់ព្យាបាល ដែលរស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ស្ត្រីដែលទទួលបានអំណោយរូបនេះ មានឈ្មោះ អែម សឿន អាយុ៤៦ឆ្នាំ ធ្លាក់ពីលើកផ្ទះ បាក់ឆ្អឹងក និងបាក់ជើងម្ខាង អស់រយៈពេល ៤ខែមកហើយ ត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាបាល នៅប្រទេសថៃ អស់លុយក៏យកត្រលប់មកវិញ រហូតមកដល់ពេលបច្ចប្បន្ននេះ គាត់កំពុងស្នាក់នៅផ្ទះ។

លោក សុះ ហូសេន បានឲ្យដឹងថា ក្រោយពីលោកទទួលដំណឹងពីស្រ្តីមានជំងឺនេះ លោកបានសហការជាមួយអាជ្ញាធរ នាំយកអំណោយចែកជូនស្រ្តីរូបនោះ ដើម្បីកាត់បន្ថយភាពលំបាករបស់គាត់។ អំណោយទាំងនោះរួមមាន៖ អង្ក១បេ ៥០គីឡូក្រាម, មី១កេះ ទឹកត្រី១យួ, ស្កសរ ១គីឡូក្រាម, បីចេង១កញ្ចប់, អំបិល ១គីឡូក្រាម និងថវិកាចំនួន ៣០ម៉ឺនរៀល ហើយថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោក ហើយក្នុងការនាំយកអំណោយចែកជូនស្ត្រីរូបនោះ លោកចាងហ្វាងកាសែតរស្មីក្រចេះ ក៏បានឧបត្ថម្ភដល់ស្រ្តីរូបនោះចំនួន ១០ម៉ឺនរៀលផងដែរ។

បើតាមការបញ្ជាក់ពីបងស្រីរបស់ស្រ្តីរូបនេះ បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ បានធ្លាក់ពីលើកផ្ទះ បាក់ឆ្អឹងក និងបាក់ជើងម្ខាង អស់រយៈពេល ៤ខែមកហើយ ត្រូវបានយកទៅព្យាបាល នៅប្រទេសថៃមួយរយៈពេលខ្លី អស់ប្រាក់ព្យាបាលក៏យកត្រឡប់មកវិញ ហើយមកស្នាក់នៅផ្ទះរបស់គាត់តែម្ដង ហើយបច្ចុប្បន្ននេះ គ្មានលុយព្យាបាលនោះទេ ប្ដីរបស់ស្ត្រីរងគ្រោះនោះ មានមុខរបរជាអ្នកឃ្វាលគោឲ្យគេ គ្មានលទ្ធភាពរកប្រាក់ព្យាបាលប្រពន្ធបាននោះទេ ហើយគាត់ជាបងស្រីក៏គ្មានលទ្ធភាពរកលុយព្យាបាលប្អូនបានដែរ។

ដោយសារស្ត្រីជរាខាងលើ មានអាការៈជំងឺធ្ងន់ធ្ងរ អង្គុយមិនកើត និយាយមិនរួច ស្ត្រីដែលជាបងស្រីបង្កើត ក៏បានលើដៃទាំងទ្វេរសំពះអង្វរដល់ថ្នាក់ដឹកនាំ និងសប្បុរសធម៍មេត្តា សណ្តោសប្រោះប្រណីដល់ប្អូនស្រីគាត់ផង ដែលកំពុងជួបទុកលំបាកវេទនា ដោយបាក់ឆ្អឹងក បាក់ជើងម្ខាង ដេកនឹងកន្ទេល រហូតក្លាយជាដំបៅលើដងខ្លួន ដោយសារគ្រួសារទីទល់ក្រ គ្មានទីពឹង និងគ្មានលទ្ធភាពព្យាបាលជំងឺ៕