(ភ្នំពេញ)៖ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើ ចុះដាំកូនឈើស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងអាណាចក្រខណ្ឌមានជ័យ និងខណ្ឌដង្កោ។

លោក គាំ សីហា បានឲ្យដឹងថា កូនឈើដែលដាំនៅពេលនេះ យើងដាំជួសកូនឈើដែលបានងាប់ ដែលរដ្ឋបាលរាជធានីបានដាំកន្លងមក។ លោកបន្តថា កូនឈើដែលដាំជួសនេះ មានចំនួន ២៨ដើមជាប្រភេទឈើធ្នុង ក្នងចំណោម ២៩៤ដើម។

លោក គាំ សីហា បានបញ្ជាក់ទៀតថា កន្លងមកកូនឈើប្រភេទធ្នុងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំអមសងខាងផ្លូវ ៦០ម៉ែត្រនេះជិត ៣០០ដើម។ ប៉ុន្តែមានខ្លះត្រូវងាប់ទើប អភិបាលរាជធានីភ្នំពេញ ណែនាំមករដ្ឋបាលព្រៃឈើ ដាំជួសឡើងវិញ នូវកូនឈើដែលបានងាប់នេះ៕