(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានអញ្ជើញបើកវគ្គបំប៉នជំនាញអន្តរាគមន៍ សង្គ្រោះបឋម និងនីតិវិធីដល់កងកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ចំនួន៥០នាក់។

ពិធីនេះ ប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំព្រែកឯង ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូនគរបាលជាតិ សិក្ខាកាម ព្រមទាំងអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងថា ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយ ដើម្បីចៀសវាងការមានកំហុសឆ្គង ដើម្បីដើរឱ្យទាន់របថ នៃសង្គមនាពេលបច្ចុប្បន្ន និងត្រៀមបម្រុងសម្រាប់អនាគតផងដែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាព ក៏ដូចជា ការប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព មានវិជ្ជាជីវៈ និងចំគោលដៅ ងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ដែលជាចក្ខុវិស័យរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ផងដែរ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានជំរុញដល់សិក្ខាកាម ត្រូវខិតខំយកចិត្តទុដាក់រៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពចំណេះជំនាញ និងសិក្សាអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា មានសាមគ្គីភាព ផ្តល់បទពិសោធគ្នាទៅវិញទៅមក មិនត្រូវដើរហើដោយគ្មានការអនុញ្ញាតពីនាយកមជ្ឈមណ្ឌល និងរស់នៅហូបចុកស្លៀកពាក់ស្អាត។

លោកឧត្តមសេនីយ៍ឯក ក៏បានពាំនាំបន្ថែមរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដល់សិក្ខាកាមទាំងអស់ ដែលបានចូលរៀនវគ្គបំប៉ននេះ ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យបានម៉ឹងមាត់ផងដែរ៕