(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា លោក ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅបោះឆ្នោតព្រឹកមិញនេះ ភ្លាមៗ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក និងលោកអភិបាលស្រុកពញាក្រែក រួមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត បានចុះសំណេះសំណាល ចូលរួមមរណៈទុក្ខដ៍ក្រៀមក្រំ ចំពោះគ្រួសារនៃសព ព្រមទាំងនាំយកថវិការប្រមាណចំនួនជាង ២៩លានរៀល ជូនគ្រួសារសពផងដែរ។

ក្នងឪកាសនោះ លោក វង សូត បានសំដែងនូវការសោកស្តាយបំផុត ចំពោះធនធានមនុស្សដ៍មានតម្លៃមួយរូប និងបានកោតសរសើរនៃគំរូវីរៈភាព ពិសេសស្នាដៃការងារដែល លោក ផង់ វាន បានសម្រេចបាននាពេលកន្លងមក។

ចំពោះថវិការប្រមាណ២៩លានរៀលនេះ ក្នុងនោះ ថវិការលោក ជា សុផារ៉ា ១ពាន់ដុល្លារ លោក វង សូត ៥លានរៀល លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ៥០មុឺនរៀល ថវិការបេឡាមរណៈ ៤លានរៀល បេឡាអតីតយុទ្ធជន ៩លានប្រាំសែនរៀល និងថវិការក្រុមការងារថ្នាក់ជាតិខេត្ត ស្រុក រួមទាំងគណបក្សខេត្ត ក្រុង ស្រុក ឃុំ។

សូមបញ្ជាក់ថា៖ លោក ផង់ វាន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិនាងនើយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាសាមាជិកក្រុមប្រឹក្សាឃុំក្រែក បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបាក់ជើង និងបានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ដោយបោកក្បាលយ៉ាងធ្ងន់ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ មូលហេតុដោយ លោក ផង់ វាន ជិះម៉ូតូបត់ឆ្លងផ្លូវ ទៅបន្តជិះរថយន្ត ដើម្បីទតែមិនទាន់ផុតផង ក៍ត្រូវបានម៉ូតូ១គ្រឿងទៀត ជិះបញ្ច្រាស់ទិសដៅគ្នា បុកពេញទំហឹង បណ្តាលអោយបាក់ជើង និងស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សពបានបញ្ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។