(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ឪពុកម្តាយគ្រប់រូប បើចង់ឱ្យកូនមានភាពឆ្លាតវៃ ក្នុងការរៀនសូត្រ អាចក្លាយជាសិស្សពូកែ និងអាចក្លាយជាពលរដ្ឋល្អម្នាក់ ដែលអាចចូលរួមធ្វើការប្រកួតប្រជែងក្នុងសង្គមបាន ទាល់តែឳពុកម្តាយត្រូវធ្វើការអប់រំតាំងពីកុមារភាពទៅ ទើបពេលធំឡើងពួកគេ អាចក្លាយជាបុគ្គលគំរូក្នុងសង្គមបាន។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលអញ្ជើញជាអធិបតី ក្នុងពិធីបអរសាទរខួប ១០០ឆ្នាំរបស់អង្គការ Save the Children ដើម្បីអបអរសាទរសមិទ្ធផលសម្រេចបានក្នុងអតីតកាល និងផែនការបន្តសម្រាប់ពេលអនាគត។

ពិធីនេះក៏មានការចូលរួមពីលោកស្រី អេលីហ្សាបែត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា រួមទាំងបុគ្គល និងក្មេងៗរបស់អង្គការ Save the Children ជាច្រើននាក់ផងដែរ នៅផ្សារទំនើបអ៊ីអនមល សែនសុខ។

លោក ហង់ ជួនណារ៉ុន បានថ្លែងថា ឪពុក-ម្តាយគ្រប់រូប បើចង់ឱ្យកូនមានភាពឆ្លាតវៃក្នុងការរៀនសូត្រ អាចក្លាយជាសិស្សពូកែ និងអាចក្លាយជាពលរដ្ឋល្អម្នាក់ ដែលអាចចូលរួមធ្វើការប្រកួតប្រជែងក្នុងសង្គមបាន ទាល់តែឪពុកម្តាយ ត្រូវធ្វើការអប់រំតាំងពីកុមារភាពទៅ លើសពីនេះទៀតនោះ គឺត្រូវធ្វើការថែទាំ តាំងពីនៅក្នុងពោះម្តាយមក ដោយធ្វើការផ្តល់នូវអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ហើយនៅពេលដែលពួកគេមានអាយុ៣ឆ្នាំ ត្រូវតែផ្តល់ឱ្យបានគ្រប់គ្រាន់បន្ថែមទៀត ដោយសារនៅពេលអាយុ៣ឆ្នាំ ខួរក្បាលក្មេង គឺមានកាលូតលាស់រហូតដល់៧០ភាគរយ ហើយនៅពេលអាយុ៦ឆ្នាំ ការលូតលាស់កើនឡើងរហូតដល់ ៩០ភាគរយ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមទៀតថា នៅក្នុងវ័យកុមារភាព នេះគឺពិតជាមានសារសំខាន់ណាស់ ដូចនេះហើយឪពុកម្តាយគ្រប់រូប គួរតែព្យាយាមបង្ហាត់បង្រៀនកូនឱ្យគាត់ចេះរៀន តាមរបៀបក្មេង ដូចជា ការលេង ការធ្វើចលនា ការអានសៀវភៅ ការគូររូប និងតាមរបៀបផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យពួកគេបានចាប់អារម្មណ៍ពីការរៀនសូត្រនេះ ធ្វើយ៉ាងណាត្រូវតែពង្រឹងគ្រឹះ ពីខាងក្រោមឱ្យបានរឹងមាំ ទើបធំឡើងពួកគេនឹងទទួលបានជោគជ័យ ហើយប្រសិនបើហួសពី៦ឆ្នាំនេះទៅ ទោះបីខំផ្តល់អាហារូបត្ថម្ភយ៉ាងណា ក៏ខួរក្បាលមិនសូវបានទទួលបានលទ្ធផលល្អនោះទេ។

លោកស្រី អេលីហ្សាបែត ភៀស បានឱ្យដឹងដែរថាកុមារគ្រប់រូបតែងតែមានក្តីស្រមៃរបស់ពួកគេ ប៉ុន្តែមិនមែនគ្រប់កុមារទាំងអស់សុទ្ធតែមានសំណាងសម្រេចនូវក្តីស្រមៃរបស់ពួកគេនោះទេ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជាចង់ឃើញកុមារគ្រប់រូប មិនថាពួកគេមកពីណា ឬនៅកន្លែងណាទេ គឺតែងតែចង់ឱ្យពួកគេសម្រេចបាននូវក្តីស្រមៃ សម្រាប់ថ្ងៃអនាគតរបស់ពួកគេ។ វិធីសាស្រ្តសំខាន់មួយដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ គឺតាមរយៈការផ្តល់នូវសេវាកិច្ចគាំពារ និងអភិវឌ្ឍកុមារតូច ដែលមានគុណភាព។

លោកស្រីបានបន្ថែមថា កិច្ចគាំពារ និងអភិវឌ្ឍកុមារតូចរួមបញ្ចូលការអភិវឌ្ឍ ផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ ក្នុងកំឡុងពេលមុនសម្រាល ពោលគឺអំឡុងពេលកុមារកំពុងលូតលាស់ នៅក្នុងផ្ទៃម្តាយ និងបន្តរហូតដល់កុមារអាយុក្រោម៦ឆ្នាំ។ ចាប់តាំងពីកើតរហូតដល់អាយុក្រោម ៦ឆ្នាំ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងជីវិតរបស់កុមារ ហើយសេវាកិច្ចគាំពារ និងអភិវឌ្ឍកុមារតូច មានអត្ថប្រយោជន៍ដល់កុមារច្រើនបំផុតជាងពេលណាៗទាំងអស់។

លោកស្រីបានលើកឡើងថា អង្គការ Sve the Children ក្នុងប្រទេសកម្ពុជារួមជាមួយក្រសួងអប់រំយុវជន និងកីឡា បានផ្តល់កិច្ចអន្តរាគមន៍ នៅក្នុងសហគមន៍មួយចំនួន ដែលនៅឆ្ងាយដាច់ស្រយាល និងមិនសូវមានសេវ៉ាទៅដល់ ដូចជា ភូមិនៅនៅជុំវិញបឹងទន្លេសាបដើម ដើម្បីអាចឱ្យកុមារទាំងអស់ អាចទទួលបានអត្ថប្រយោជន៍ពីសេវាកិច្ចគាំពារ និងអភិវឌ្ឍកុមារតូចផងដែរ៕