(ភ្នំពេញ)៖ គណៈប្រតិភូកម្ពុជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយ លោក ឈា ឡាយហ៊ី ប្រធានយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានដឹកនាំម្ចាស់សហគ្រាសផលិតចំណីអាហារ ចំនួន១១ក្រុមហ៊ុន/សហគ្រាស ទៅទស្សនៈកិច្ចសិក្សានៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចនេះ ក្រោមកិច្ចគាំទ្ររបស់កម្មវិធី TASK Program សហការជាមួយវិទ្យាស្ថានស្រាវម្ហូបអាហារកូរ៉េ (Korea Food Research Institute - KFRI) វិទ្យាស្ថានអភិវឌ្ឍកសិពាណិជ្ជកម្មអន្តរជាតិ (KADI-Korea International Agribusiness Development Institute) និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (Korea Institute for Advancement of Technology-KIAT) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា ការគ្រប់គ្រង និងជាពិសេសស្វែងរកឱកាសទីផ្សារ ដើម្បីជំរុញផលិតផលក្នុងស្រុក។

ក្រុមហ៊ុន សហគ្រាស ដែលរួមដំណើរប្រតិភូក្រសួងរួមមាន សហគ្រាសផលិតនំស្រួយ អេសប៊ី សហគ្រាសផលិតទឹកត្រី លាង ឡេង សហគ្រាសកែច្នៃម្រេច ទី្រ សេងហឿន សិប្បកម្មចំការដូង (Camfood) សិប្បកម្មផលិតសរសៃគុយទាវ ព្រះច័ន្ទពេញបូរ៌មី សិប្បកម្មលីង កិន និងវេចខ្ចប់កាហ្វេ មណ្ឌលគីរី សហគ្រាសផលិតចាហួយ សេងហួត ហ្វាហ្វាហ្វូដ សិប្បកម្មផលិតសរសៃគុយទាវ ស៊ីម ហួរ សហគ្រាសរ៉ារី សិប្បកម្មផលិតតែ ហ្គោលដេន យ៉េម និងសិប្បកម្មវិសុទ្ធ (Vissot)។

ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ គណៈប្រតិភូបានជួបជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍លើការកែឆ្នៃម្ហូបអាហារ ដូចជាវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (Korean Food Reasearch Institution, KFRI) ទស្សនៈកិច្ចរោងចក្រម្ហូបអាហារល្បីៗមួយចំនួននៅកូរ៉េដូចជា រោងចក្រកែឆ្នៃផលិតផលពីមើមយិនសិនក្រហម រោងចក្រផលិតទឹកស៊ីអ៊ីវ រោងចក្រផលិត និងវេច ខ្ចប់ទឹកជ្រលក់ រោងចក្រផលិតនំស្រួយ-ល-ព្រមទាំងចូលរួមតាំងពិពណ៍ម្ហូបអាហារ (KINTEX Food 2019) លំដាប់ធំជាងគេទី៣នៅអាស៊ីផងដែរ។

លោក ឈា ឡាយហ៊ី បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងការជំរុញផលិតផលកែឆ្នៃម្ហូបអាហារនៅកម្ពុជា កម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសិក្សាស្វែងយល់ ពីការកែឆ្នៃម្ហូបអាហារនៅប្រទេសកូរ៉េ ដែលជាប្រទេសមួយកំពុងនាំមុខ លើវិស័យម្ហូបអាហារនៅអាស៊ី ក៏ដូចក្នុងពិភពលោកផងដែរ។

ប្រធាននាយកដ្ឋានរូបនេះ បានជំរុញឲ្យម្ចាស់សហគ្រាសទាំងអស់ ខិតខំពង្រឹងខ្សែចង្វាក់ផលិតផល គុណភាព ស្តង់ដាផលិតផលរបស់ខ្លួនឲ្យបានប្រសើរឡើង ដើម្បីបញ្ជ្រាបខ្លួនចូលទីផ្សារជាតិ និងអន្តរជាតិ ព្រោះដើម្បីដើរឲ្យទាន់ការវិវត្តនូវបច្ចេកវិទ្យាទំនើប សម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យមទាំងអស់ (SME Go Digital) ជាពិសេសការទទួលយកនូវសម័យកាលឧស្សាហកម្មជំនាន់ទី៤ (Industry 4.0)។

លោក ឈា ឡាយហ៊ី ក៏បានលើកឡើងថា បច្ចុប្បន្ននេះទីផ្សាផលិតផលកម្ពុជា ជាពិសេសផ្នែកចំណីអាហារ ត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាល ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាអាណាព្យាបាល នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្នែកកម្មន្តសាលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញខ្សែសង្វាក់ផលិតកម្ម ឲ្យសមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារផលិតផលរបស់ខ្លួន ក្នុងតំបន់ និងអន្តរជាតិ បានធំទូលាយ ជាក់ស្តែងសហគ្រាសដែលបានមកទស្សនៈកិច្ចសិក្សានៅកូរ៉េនេះ គឺជាសហគ្រាសដែលមានស្តង់ដារគុណភាពល្អ ដែលអាចធ្វើការប្រកួតប្រជែង ក្នុងទីផ្សារជាតិ និងអន្តរជាតិបាន។

លើសពីនេះ លោកក៏បានអំពាវនាវឲ្យបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងអស់នៅកម្ពុជា មកសហការជាមួយមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីទទួលបាននូវពត៌មានល្អៗដូចជា អំពីការចុះបញ្ជីអាជីវកម្ម ការជំរុញបច្ចេកវិទ្យា និងស្តង់ដាគុណភាពផលិតផល ជាដើម។

ជាមួយគ្នានេះ លោក លាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី លាង ឡេង និងជាតំណាងសហគ្រាសទាំង១១ ដែលបានមកចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងអំពីសារៈសំខាន់ ក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានេះដែលជាឱកាសមួយ សម្រាប់សហគ្រាសក្នុងស្រុក បានមកសិក្សាស្វែងយល់ពីការវិវត្តន៍ថ្មីៗ អំពីការគ្រប់គ្រង ស្តង់ដារគុណភាព ជាពិសេសប្រព័ន្ធខ្សែចង្វាក់ផលិតកម្មទំនើបរបស់ប្រទេសកូរ៉េ។

Bong Pheak Editor FN, [25.05.19 17:39]
លោកបានសម្ដែងនូវការអរគុណចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឲ្យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានចូលរួមក្នុងកម្មវិធីល្អៗ ជាពិសេសកម្មវិធីទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េនេះ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍនអាជីវកម្មរបស់ខ្លួន ពីព្រោះក្រៅពីការសិក្សាស្វែងយល់ពី ប្រព័ន្ធគ្រប់គ្រង់ខ្សែចង្វាក់ផលិតកម្ម តាមរយៈបច្ចេកវិទ្យាទំនើបនេះ ក៏មានកម្មវិធីជំនួបជាមួយក្រុមហ៊ុនមួយចំនួន របស់ប្រទេសកូរ៉េ អំពីការទទួលយកផលិតផលកម្ពុជាចូលទីផ្សារកូរ៉េផងដែរ។សូមជម្រាបថា គម្រោង TASK Program នេះនឹងត្រូវអនុវត្តន៍រយៈពេល០២ឆ្នាំ រហូតឆ្នាំ២០២១ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ តាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (Korea Institute for Advancement of Technology-KIAT ហើយសហការអនុវត្ត ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕