(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក (UN-ESCAP) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងបន្តអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៉ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់សន្និសីទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជំនះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនវិស័យ លើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និង ការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។

បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន ស៉ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។

នាឱកាសនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចំនួន២ ដូចខាងក្រោម៖

១៖ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម-សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន និង

២៖ ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់៣៣៩ លានយ៉េនជប៉ុន។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយឥស្សរជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើន។ សម្តេច ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាស្តីពី ការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូ (Mizuho)៕