(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះមានមនុស្សជាង ១.៣៥លាននាក់បានស្លាប់ និង២០-៥០លាននាក់រងរបួស ឬពិការ ដោយសារគ្រោះថ្នាក់ចរាចរ។ ជនរងគ្រោះភាគច្រើន គឺអាយុចន្លោះ ៥-២៩ឆ្នាំ។ កុមារត្រូវបានគេចាត់ទុកថា ជាក្រុមមនុស្សងាយរងគ្រោះបំផុតមួយ។

រៀងរាល់ថ្ងៃកុមារប្រមាណ ៥០០នាក់ នៅលើពិភពលោកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។ អត្រាមរណភាពរបស់កុមារដោយសារគ្រោះថា្នក់ចរាចរមានកម្រិតខ្ពស់បំផុតគឺនៅតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។

ដោយឡែកនៅកម្ពុជា គ្រាន់តែ៣ខែដើមឆ្នាំ២០១៩នេះ មានមនុស្ស ៥១៣បានស្លាប់ និង១៥៩១នាក់បានរបួសដោយសារគ្រោះថ្នាក់ចរាចរ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្នុងមួយឆ្នាំៗ កម្ពុជាខាតបង់ជាទឹកប្រាក់ជាង ៣៥០លានដុល្លារដោយសារគ្រោះថ្នាក់ចរាចរ។ ប៉ុន្តែកម្ពុជាហាក់ពុំទាន់បានធានា និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់ ជាពិសេសសម្រាប់កុមារនៅឡើយ។

គេតែងសង្កេតឃើញកុមារតូចៗដើរ ឬជិះកង់ឆ្លងផ្លូវដោយខ្លួនឯង ខណៈដែលផ្លូវថ្នល់ភាគច្រើនគ្មានចិញ្ចើមផ្លូវសម្រាប់ដើរ ពុំមានគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ឱ្យកុមារឆ្លងកាត់ដោយសុវត្ថិភាពនៅឡើយ។

តាមរយៈការចុះអង្កេតទីតាំងសាលារៀនរបស់រដ្ឋ និងឯកជនកម្រិតបឋម និងមធ្យមសិក្សាជាង ២០ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញថា ផ្លូវនៅខាងមុខសាលារៀនទាំងនោះភាគច្រើន គឺគ្មានគំនូសគន្លងផ្លូវ ឬភ្លើងសញ្ញាសម្រាប់ឱ្យសិស្សានុសិស្សអាចដើរ ឬជិះឆ្លងផ្លូវបានដោយសុវត្ថិភាពនោះទេ។ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺកុមារតូចៗនៅកម្រិតបឋមសិក្សា។

ដូចក្នុងរូបភាព កុមារតូចៗខ្លះអាយុក្រោម ១០ឆ្នាំនាំគ្នាដើរឆ្លងផ្លូវ ខណៈដែលលើដងផ្លូវមានយានយន្តកំពុងបើកបរយ៉ាងមមាញឹក។ នៅតាមសាលារដ្ឋ ពេលដែលកុមារតូចៗដើរឆ្លងផ្លូវ កម្រនឹងឃើញមានសមត្ថកិច្ច លោកគ្រូ ឬអ្នកគ្រូមកជួយសម្រួល ឬដឹកដៃពួកគេឱ្យដើរឆ្លងផ្លូវណាស់។

កុមារតូចៗទាំងនោះប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ប្រសិនបើពួកគេមានគ្រោះថ្នាក់ តើអ្នកណាជាអ្នកទទួលខុសត្រូវមុនដំបូងគេ? ឪពុកម្តាយ?សាលារៀន? អាជ្ញាធរពាក់ព័ន្ធ?

តើឪពុកម្តាយគួរតែបណ្តោយឱ្យកូនតូចៗដើរឆ្លងផ្លូវដោយខ្លួនឯងបែបនេះឬ? យើងនឹងមិនសួរថា ហេតុអ្វីអ្នកមិនជូន ឬមិនមកទទួលកូនពីសាលានោះទេព្រោះអ្នកនឹងឆ្លើយថា «រវល់» ប៉ុន្តែតើអ្នករវល់ដើម្បីនរណា? ដើម្បី «កូន» មែនទេ? បើដូច្នេះអ្នកគួរកុំបណ្តោយឱ្យកូនតូចៗប្រឈមមុខនឹងគ្រោះថ្នាក់បែបនេះ។ ចុះសាលារៀនគួរទុកឱ្យសិស្សតូចៗប្រឈមមុខគ្រោះថ្នាក់បែបនេះដែរឬ? ភារកិច្ចរបស់សាលាមិនមែនមានត្រឹមតែការបង្រៀននៅក្នុងថ្នាក់នោះទេ។

មេរៀនអំពីសុវត្ថិភាពចរាចរណ៍ក៏គួរតែត្រូវបានបញ្ជ្រាបជូនដល់កុមារឱ្យបានញឹកញាប់ផងដែរ។ មួយវិញទៀត តើអាចទេដែលយើងអាចស្នើសុំសមត្ថកិច្ចឱ្យមកជួយសម្រួលពេលម៉ោងសិស្សចូល ឬចេញពីសាលាម្តងៗ? បន្ថែមលើនេះទៅទៀត តើអាជ្ញាធរពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលាក្រុងភ្នំពេញ អាចមានលទ្ធភាពកែលម្អស្ថានភាពផ្លូវក្បែរសាលារៀនទាំងនោះដែរឬទេ?

ពិតណាស់ថា អាចនឹងមានមធ្យោបាយច្រើន ដើម្បីកែលម្អ និងធ្វើឱ្យមានសុវត្ថិភាពដងផ្លូវនៅតាមសាលារៀនមួយចំនួនធំក្នុងទីក្រុងភ្នំពេញ តែក្នុងដំណាក់កាលដំបូងនេះ គេអាចគ្រាន់តែកែលម្អផ្លូវថ្នល់ឱ្យមានគំនូសគន្លងឆ្លងកាត់ត្រឹមត្រូវ ដាក់បន្ថែមស្លាកសញ្ញា និងពិនិត្យលទ្ធភាពដាក់ភ្លើងសញ្ញាចរាចរណ៍ក្បែរសាលាខ្លះក៏បាន។

សាលារៀនខ្លះ ដូចជា វិទ្យាល័យហ៊ុនសែន បុរី១០០ខ្នង និង វិទ្យាល័យជាស៊ីម សន្ធរម៉ុកជាដើម គួរប្តូរទីតាំងច្រកចេញចូលសម្រាប់សិស្ស មកដាក់នៅចំហៀង ឬខាងក្រោយនៃសាលាវិញ ព្រោះច្រកខាងមុខទាល់ ឬនៅជិតនឹងផ្លូវធំដែលមានចរាចរណ៍មមាញឹកពេក ងាយនឹងបង្កឱ្យមានគ្រោះថ្នាក់និងការកកស្ទះ។

ពិភពលោកកំពុងងាកមកចាប់អារម្មណ៍លើការកែលម្អនិងស្ថាបនាផ្លូវសម្រាប់កុមារ (Streets for Kids) ដោយសារពួកគេរកឃើញថា កុមារជាក្រុមមនុស្សងាយរងគ្រោះបំផុតមួយដែលទាមទារឱ្យមានការការពារ។ NACTO (National Association of City Transportation Officials) បានបញ្ជាក់ថា ការកសាងផ្លូវសម្រាប់កុមារ គឺការកសាងទីក្រុងឱ្យក្លាយជាកន្លែងសុវត្ថិភាព និងគួរឱ្យចង់រស់នៅសម្រាប់កុមារ។

ផ្លូវនៅទីក្រុងភ្នំពេញ នៅមានភាពអំណោយផលសម្រាប់ការកែលម្អ និងអាចប្រែក្លាយជាផ្លូវមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់ៗគ្នា ដែលកំពុងរស់នៅក្នុងទីក្រុងនេះ។ ពេលនេះអ្វីដែលអាចនៅខ្វះនោះគឺ ផែនការ ឆន្ទៈនៃការចូលរួមសហការ ការអនុវត្ត និងធនធាន (មនុស្ស ថវិកា និងសម្ភារៈ)។ បើយើងមិនគិតធ្វើនៅពេលនេះ តើយើងនឹងគិតធ្វើនៅពេលណា?

ដោយ៖ យ៉េន យ៉ាត អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតផ្នែកទីក្រុង (Urban Studies) នៅសាកលវិទ្យាល័យប៉េកាំង
អ៊ីម៉ែលៈ [email protected]