(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រោយរកឃើញថា ពួកគេពាក់ព័ន្ធករណីរក្សាទុកនូវ គ្រឿងញៀនជាប់នឹងខ្លួន នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។

ការឃាត់ខ្លួននេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ ដែលស្ថិតក្រោមការបញ្ជា ពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្នុងក្តុមទី១៣ ភូមិមិត្តភាព ខណ្ឌឫស្សីកែវ។

អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះដែរ គឺដកហូតបានក្រាមសថ្លាជាថ្នាំញៀន ចំនួន១កញ្ចប់ និងមធ្យោបាយធ្វើដំណើរមានម៉ូតូ២គ្រឿង បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវដើម្បីកំណត់ពីពេលវេលា នៃការធ្វើសកម្មភាពរបស់ពួកគេ។

បើតាមលោកអធិការ ជនសង្ស័យទី១៖ឈ្មោះ ស៊ន សីនឿន ហៅសៀប អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលនៅតាមផ្លូវជាតិលេខ៣ ក្នុងព្រែកសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២៖ឈ្មោះ ណាល់ ហៀ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលជាមួយគ្នា និងទី៣៖ឈ្មោះ អ៊ុន សំណាង ហៅវិត អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកអនុសេនីយ៍ឯក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕