(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជូន និងប្រគល់-ទទួលសម្ភារ ឯកសារបោះឆ្នោត ទៅដល់គណៈកម្មការការិយាល័យបោះឆ្នោតទាំង១៤មណ្ឌល នៃរាជធានីភ្នំពេញ រួចរាល់អស់ហើយ។

បើតាមសេចក្ដីជូនដំណឹង គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់សម្ភារ ឯកសារបោះឆ្នោតនេះ មានការចូលរួមសង្កេតការណ៍ពី ភ្នាក់ងារគណបក្សប្រជាជននយោបាយ, សហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងមានភ្នាក់ងារសន្តិសុខបោះឆ្នោតការពារសុវត្ថិភាពនៅគ្រប់មណ្ឌលទាំង១៤។

សម្ភារបោះឆ្នោត ដែលបានបញ្ជូនដល់គណៈកម្មការការិយាល័យបោះឆ្នោត រួមមាន សន្លឹកឆ្នោត, បញ្ជីបោះឆ្នោតផ្លូវការ, ទឹកខ្មៅជ្រលក់ដៃ, ត្រាសម្ងាត់, ហិបឆ្នោត, ត្រាការិយាល័យ, កេសសម្ភារបោះឆ្នោត និងបន្ទប់សម្ងាត់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ៕