(ភ្នំពេញ)៖ លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ដើម្បីធានាឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់បោះឆ្នោត គោលការណ៍ណែនាំរបស់ គ.ជ.ប និងក្រមសីលធម៌នានា សម្រាប់ភាគីពាក់ព័ន្ធ។

ការលើកឡើងរបស់លោក ឯម សុផាត បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅឱកាសដែលោកបានអញ្ជើញរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ «ការសរុបព្រឹត្តការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការគ្រោងបិទផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣» នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។

ដោយមានភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ ចំនួន៨ អង្គការមិនមែនរដ្ឋាភិបាល ចំនួន៤ អង្គភាពសារព័ត៌មាន ចំនួន១០ និងមន្ត្រី គ.ជ.ប សរុបចំនួន៥០នាក់។

នៅក្នុងឱកាសនោះដែរ លោក ឯម សូផាត បានថ្លែងថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅ រយៈពេល៨ ថ្ងៃកន្លងមកនេះ គ្រប់សកម្មភាពឃោសនារបស់គណបក្សនៅតាមមណ្ឌលរាជធានី-ខេត្ត និងមណ្ឌលក្រុង-ស្រុក-ខណ្ឌ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃស និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃបោះឆ្នោត គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធមិនអាចធ្វើសកម្មភាពឃោសនាបោះឆ្នោតបានឡើយ ប្រសិនប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ឯម សុផាត ក៏បានលើកឡើងនូវចំណុចមួយចំនួនដែលអ្នកបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ត្រូវធ្វើ និងមិនត្រូវធ្វើនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។ ទាក់ទងនឹងប្រធានបទ នីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតរួមមាន៖

* ការត្រួតពិនិត្យវត្តមានសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) សម្ភារ ឯកសារ និងទីតាំងការិយាល័យបោះឆ្នោតនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត
* សង្ខេបនីតិវិធីសំខាន់ៗ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
* ការបិទការបោះឆ្នោត និងការងារត្រូវធ្វើនៅមុនពេលរាប់សន្លឹកឆ្នោត
* ការរាប់សន្លឹកឆ្នោត
* ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព «ក» ស្បោង «ខ» និងសម្ភារ ឯកសារនៅសល់ និងការបញ្ជូនទៅ គធ.ខប
* ការប្រកាសលទ្ធផលនៃការបោះឆ្នោត
* ការដាក់ពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ពាក់ព័ន្ធនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត៕