(ភ្នំពេញ)៖ វិនិយោគិនកម្ពុជាមួយរូប បានបង្ហាញពីសក្ដានុពល និងភាពជោគជ័យខ្ពស់ក្នុងការនាំចូល និងចែកចាយផ្ដាច់មុខសម្ភារផ្ទះបាយមកពីក្រុមហ៊ុន «Whirlpool» មកផ្គត់ផ្គងលើទីផ្សារកម្ពុជា។ ការនាំចូលសម្ភារផ្ទះបាយនេះ ដើម្បីបំពេញតម្រូវការដល់អតិថិជន ដែលត្រូវការបរិក្ខាផ្ទះបាយ បែបទំនើបទាន់សម័យ និងមានគុណភាពខ្ពស់។

Whirlpool ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខនៅកម្ពុជាដោយក្រុមហ៊ុន europe kitchen art (eka) និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក គឹម ប៊ុនសាន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន eka, លោក Raymond Wee តំណាងក្រុមហ៊ុន Whirlpool រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផង។

លោក គឹម ប៊ុនសាន ឲ្យដឹងថា «ការនាំចូលម៉ាក Whirlpool ពីសហរដ្ឋអាមេរិកមកកម្ពុជា នឹងទទួលបានគាំទ្រច្រើនពីអតិថិជនព្រោះ Whirlpool ជាម៉ាកល្បីទូទាំងពិភពលោក និងមានរោងចក្រនៅសហរដ្ឋអាមេរិក និងអឺរ៉ុបថែមទៀតផង»។

លោកបន្ដថា Whirlpool នឹងទទួលបានការគាំទ្រច្រើនពីអតិថិជនព្រោះ សេដ្ឋកិច្ចនៅកម្ពុជា១០ឆ្នាំចុងក្រោយនេះ នៅតែរក្សាបានរង្វង់៧%ជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ចមានស្ថិរភាព ពី១ឆ្នាំទៅ១ឆ្នាំ ធ្វើឲ្យពលរដ្ឋមានចំណូលច្រើនរស់នៅស៊ីវីល័យ និងមានតម្រូវការទៅលើសម្ភារផ្ទះ និងសម្ភារផ្ទះបាយបែបទំនើប, មានគុណភាពខ្ពស់, សន្សំសំចៃ និងមានភាពងាយស្រួល។

លោកបន្ថែមថា Whirlpool ត្រូវបានសិក្សា និងជឿជាក់ថា នឹងផ្ដល់គុណប្រយោជន៍ច្រើន ដល់អតិថជនផ្ដោតសំខាន់លើគុណភាព, ភាពសន្សំសំចៃ, និងភាពទំនើបទាន់សម័យ។

លោក Raymond Wee ឲ្យដឹងថា «ការសម្រេចិត្តសហការជាមួយក្រុមហ៊ុន eka នៅកម្ពុជា ដោយសារតែក្រុមហ៊ុន Whirlpool បានសម្លឹងឃើញថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចល្អប្រសើរដោយរក្សាបានរង្វង់៧% បូកផ្សំជាមួយនឹងវិស័យអចលនទ្រព្យកាន់តែកើនឡើង ធ្វើឲ្យការផ្គត់ផ្គង់លើសម្ភារក្នុងផ្ទះ និងផ្ទះបាយកាន់តែមានតម្រូវការខ្ពស់»។

លោកបន្ថែមថា ការឈានជើងចូលរបស់ Whirlpool នៅលើទីផ្សារកម្ពុជារំពឹងទទួលបានជោគជ័យខ្ពស់។

សូមជម្រាបថា ក្រុមហ៊ុន eka បាននាំចូលសម្ភារក្នុងផ្ទះ និងផ្ទះបាយម៉ាក Whirlpool ជាច្រើនរួមមាន៖ ចង្ក្រានហ្គាស, ទូរទឹកកក, ម៉ាស៊ីបោកខោអាវ និងសម្ភារជាច្រើនទៀត៕