(ភ្នំពេញ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានលើកឡើងថា ការប្រតិបត្តិប្រពៃណីទំនៀបទម្លាប់ និងការចូលរួមកសាងសមិទ្ធផលទ្រទ្រង់ ក្នុងវិស័យព្រះពុទ្ធសាសនា ជាការបង្ហាញឆន្ទៈដ៏មុះមុតក្នុងការបង្កើនសីលធម៌, គុណធម៌ក្នុងសង្គម ស្របតាមរដ្ឋធម្មនុញ្ញកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ថ្លែងក្នុងពិធីបើកបវេសនកាល នៃសាលាពុទ្ធិកមឋមសិក្សាកម្ពុជរដ្ឋ វត្តវារិន្ទព្រែកលៀប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចតែងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រមានជាអាទិ៍វត្តអារាម ព្រះវិហារ, កុដិ, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធអគ្គិសនី, ផ្លូវ និងស្ពានជាដើម។

លោកស្រីបន្ដថា ជាក់ស្តែងនៅក្នុងទីវត្តវារិន្ទព្រែកលៀបនេះ មានសប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយរួមជាមួយលោកស្រី បានចូលរួមចំណែកកសាងកុដិ, អាគារសាលាពុទ្ធិកមឋមសិក្សា , ជួសជុលហោត្រ័យ និងព្រះវិហាបុរាណជាកេរដំណែលប្រវត្តិសាស្រ្តទុកឲ្យកូនចៅជំនាន់ក្រោយ។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សមាជិកថេរសភាព្រះពុទ្ធសាសនានៃកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញមានសង្ឃដីការថា ការសិក្សាបណ្តុះបណ្តាល ក្នុងវិស័យព្រះពុទ្ធសាសនាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹង ដល់សមណសិស្សគ្រប់អង្គ ព្រោះវិស័យសាសនាបានកំពុងចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងការគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូបដើរតាមផ្លូវល្អជាដើម។

ជាក់ស្តែងនៅសាលាពុទ្ធិកមឋមសិក្សាកម្ពុជរដ្ឋព្រែកលៀប បានខិតខំប្រឹងប្រែង និងគ្រប់គ្រងសមណសិស្ស ក៏ដូចជាឧទ្ទេសាចារ្យ ប្រព្រឹត្តទៅបានល្អប្រសើរ និងហ្មត់ចត់ចំពោះ ការបង្រៀនស្របតាមកម្មវិធីសិក្សាដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្រសួងធម្មការ និងសាសនា បានដាក់ចេញប្រកដោយគុណភាព និងប្រសិទ្ធភាពនៅលើការសិក្សានេះ៕