(ភ្នំពេញ)៖ លោក វ៉ាង យ៉ាជុន (Wang Yajun) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះលោក វ៉ាង បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នាពេលនេះ ដើម្បីជំរុញ និងធ្វើការរាល់កិច្ចការទាំងឡាយ ដែលថ្នាក់ដឹកនាំកំពូល ជាពិសេសសម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជីងពីង បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក។
នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

លោក វ៉ាង ក៏បានជម្រាបសម្តេចតេជោផងដែរថា លោកនឹងទៅធ្វើទស្សនកិច្ចនៅទីក្រុងព្រះសីហនុ ដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ និងឧស្សាហកម្ម ដោយពិចារណាធ្វើយ៉ាងណាឲ្យការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅទីក្រុងសីហនុ មានការអភិវឌ្ឍប្រកបដោយចីរភាព។

មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ ក៏បានបន្តគូសរំលេចពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិនផងដែរ។ លោកបានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយនៅពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរស្ថិតនៅលំដាប់ល្អជាទីបំផុត។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក វ៉ាង បានអះអាងថា ចិននឹងបន្តជំរុញការវិនិយោគមកកាន់កម្ពុជា ហើយក៏នឹងជំរុញការបើកទីផ្សារ មកកាន់កម្ពុជាផងដែរ។

ជាការឆ្លើយតបសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានយល់ស្របទាំងស្រុង ជាមួយការលើកឡើងរបស់លោក វ៉ាង ពាក់ព័ន្ធទំនាក់ទំនង និងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខា ដែលជាឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅនឹងសហគមន៍មួយជោគវាសនាមួយ ដែលបានចុះហត្ថលេខាកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះការជំរុញ ការវិនិយោគរបស់ចិនមកកាន់កម្ពុជា និងការបើកចំហរទីផ្សារដល់កសិផល និងផលិតផលកម្ពុជាថែមទៀត៕