(ភ្នំពេញ)៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ និងបន្តដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកស្រី ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគី និង សម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីវៀតណាម និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួនមានជាអាទិ៍៖

* ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ង្វៀន ភូជុង (NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម
* ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
* អនុញ្ញាតឲ្យ លោក វ៉ុ ម៉ៅ (VU MAO) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម
* ចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៃរដ្ឋសភាទាំងពីរ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ភាគីឡាវ និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួន មានជាអាទិ៍៖

* ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ផានី យ៉ាថទូ (PANY YATHOTUO) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ប៊ុនញ៉ាំង វ៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ រវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភា ឡាវ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩៕