(កណ្តាល)៖ គ្រួសារស្ត្រីមេម៉ាយ ១គ្រួសារ ដោយសារតែគ្មានលទ្ធភាពទិញដីសង់ផ្ទះនៅសមរម្យ ក៏នាំកូនចៅទៅរស់នៅដីចំណីទំនប់ជាស៉ីមផ្លូវមាត់ប្រឡាយ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហើយមានអង្គការមួយបានទៅសង់កូនខ្ទមផ្ទះនេះជាច្រើនឆ្នាំមកហើយ ដោយមានទាំងអាជ្ញាធរភូមិឃុំឮផងដែរ។

លុះដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានមនុស្ស ៣នាក់ ស្រី២នាក់ប្រុសម្នាក់ ជិះម៉ូតូកង់បីមួយគ្រឿង មកបណ្តេញពួកគាត់មិនឲ្យរស់នៅកន្លែងនេះទៀតទេ ដោយគេអះអាងថា ពួកគេជាម្ចាស់ដីទើបមកទិញដីស្រែប្រាំងនៅឯត្រើយម្ខាងនៃមាត់ប្រឡាយ។ ពួកគេថា ក្បាលដីនេះ មិនអនុញ្ញាតឲ្យនៅឡើយ រួចសែងខ្ទមផ្ទះរបស់ពួកគាត់ជាទ្រនំដ៏កក់ក្តៅ ទៅបោះចោលរួចមកលើកគ្រែរបស់ស្ត្រីមេម៉ាយ យកទៅដុតកម្ទេចចោល និងខោអាវក៏ពួកគេយកទៅដុតចោលដែរ។

លោកយាយ ស្រី យឿន អាយុ៦៦ឆ្នាំ រស់នៅក្នុងផ្ទះខាងលើក បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា លោកយាយសូមឲ្យអាជ្ញាធរគ្រប់ជាក់ថ្នាក់ជួយលោកយាយ និងគ្រួសារលោកយាយផង ព្រោះអ្នកមានលុយមកសែងផ្ទះខ្ទមរបស់លោកយាយចោល រួចប្រមូលគ្រែដែលពួកគាត់ដាក់អង្គុយលេងទៅដុតបំផ្លាញចោល និងប្រមូលខោអាវយកទៅដុតចោលផងដែរ។ កត្តានេះធ្វើឲ្យគ្រួសារលោកយាយ ជួបការលំបាកយ៉ាងខ្លាំងមិនមានជម្រករស់នៅ អត់ខោអាវស្លៀកពាក់។

លោកយាយបានបន្តថា មួយគ្រួសារ គឺជាស្ត្រីមេម៉ាយ ពុំមានលទ្ធភាពរកលុយទិញអង្កច្រកឆ្នាំងរកព្រឹកខ្វះល្ងាច ដូចគ្រែដែលលោកយាយទិញមកដាក់គ្រាន់អង្គុយលេងនោះ គឺចងការប្រាក់គេមកទិញ ហើយត្បិតត្បៀតពីហូបចុកប្រចាំថ្ងៃ ទៅបង់ដើមប្រាក់គេបានបន្តិចបន្តួច។ ឥឡូវត្រូវគេលើកយកទៅដុតចោលទាំងកំរោល គ្រែក៏ខ្ទេច លុយនៅជំពាក់គេដដែល។

ប្អូនស្រី នៅ យ៉ន អាយុ៣៦ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន Fresh News ទាំងអួលដើមកថា ប្អូនក៏ជាស្ត្រីមេម៉ាយមានកូន ៥នាក់ នៅក្នុងបន្ទុក កូនបងអាយុទើបបាន១៥ឆ្នាំ ក្នុងមានប្រុសម្នាក់ពិការភ្នែកទាំងពីរ។ ប្អូនស្រីមានការលំបាក់ខ្លាំងស៊ូទ្រាំរស់នៅក្នុងខ្ទមជាមួយកូនៗ ប៉ុន្តែឥឡូវគេមកសែងបោះបាត់ តើគ្រួសារប្អូនស្រីជ្រកនៅទីណា បើគ្មានលុយទិញអង្កច្រកឆ្នាំងផងនោះ។

លោកមេភូមិកំពង់ស្វាយ បានប្រាប់អ្នកយកព័ត៌មាន Fresh News ដែរថា គ្រួសារមួយនេះក្រីក្រខ្លាំងណាស់ ហើយត្រូវអង្កការដើរសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ សង់ជូនដោយគ្មានដីក៏មករស់នៅលើដីចិញ្ចើមផ្លូវកន្លែងកើតហេតុ ដោយកាលណោះលោកបានដឹងលឺផងដែរ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានលើកឡើងថា ដីត្រង់កន្លែងគ្រួសារមួយនេះរស់នៅ ជាដីចំណីទំនប់ ឬចំណីផ្លូវ និងមាត់ប្រឡាយ ហេតុអ្វីបានបុគ្គលទិញដីនៅឯត្រើយម្ខាង នៃមាត់ប្រឡាយមកអះអាងថា ជាក្បាលដីរបស់គេទៅវិញ និងបានយកបង្គោលបេតុងទៅបោះព័ទ្ធរំលោភយកដីរដ្ឋផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងប្រើភាពឃោរឃៅសែងផ្ទះគេចោល និងដុតសម្ភារប្រើប្រាស់ចោលទៀតផង ធ្វើបែបនេះជាអំពើខុសច្បាប់ គួរណាស់តែមានការសម្រួបសម្រួល ឲ្យសមរម្យជូនអ្នកដែលកំពុងរស់នៅផងទៅ។

ប្រជាពលរដ្ឋបានបន្តថា ម្ចាស់ដីខាងក្រោយនោះត្រូវបានគេស្គាល់ឈ្មោះ ពៅ តែមិនដឹងរស់នៅទីណានោះទេ ហើយមិនមានវត្តមាន នៅជាមួយអ្នកបង្កទាំងនោះទេ ហើយក៏មិនដឹងថាម្ចាស់ដី ពៅ ជាអ្នកប្រើអ្នកបង្ក ទាំង៣នោះ ឬយ៉ាងណានោះទេ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកយកព័ត៌មាន Fresh News មិនអាចទំនាក់ទំនង ជាមួយភាគីបង្កបានទេមកដល់ពេលនេះ៕