(ប៉េកាំង)៖ ថ្មីៗនេះ ទីក្រុងប៉េកាំងបានប្រកាសថា នឹងផ្តល់ការបន្ធូរបន្ថយពន្ធរយៈពេល០៥ឆ្នាំ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនអភិវឌ្ឍន៍ Software ដើម្បីជំរុញឲ្យឧស្សាហកម្មទាំងនេះ នៅក្នុងស្រុក កាន់តែមានភាពរីកច្រើនខ្លាំងក្លា ខណៈដែល វិស័យបច្ចេកវិទ្យារបស់ខ្លួន បានក្លាយជាមុខព្រួញវាយប្រហារ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនអភិវឌ្ឍន៍ Software នឹងត្រូវលើកលែងពីការបង់ពន្ធសាជីវកម្មសម្រាប់រយៈពេល០២ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩នេះទៅ ហើយការបង់ ពន្ធ របស់ឧស្សាហកម្មទាំងនេះ នឹងត្រូវកាត់បន្ថយពាក់កណ្តាល សម្រាប់រយៈពេល០៣ឆ្នាំបន្ទាប់។ ចំណាត់ការនេះ ទំនងជាត្រូវបានធ្វើ ឡើងក្រោមគោលដៅ បណ្តុះវិស័យបច្ចេកវិទ្យាគ្រប់ប្រភេទរបស់ចិនឲ្យមានសក្តានុពលខ្លាំងក្លា ដើម្បីឆ្ពោះទៅបញ្ឈប់ការពឹងពាក់ ទៅលើប្រទេសដទៃ។

គួរជម្រាបថា បច្ចុប្បន្នសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក កំពុងតែផ្តោតទៅលើវិស័យបច្ចេកវិទ្យា ដោយកាលពីសប្តាហ៍មុន រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចូលទៅ ក្នុង បញ្ជី ខ្មៅ ដែលនឹងហាមមិនឲ្យ Huawei ទិញបច្ចេកវិទ្យានិងគ្រឿងបន្លាស់ផ្សេងៗពីក្រុមហ៊ុនអាមេរិកឡើយ ប៉ុន្តែបម្រាមនេះត្រូវ បានពន្យារពេលអនុវត្តន៍រយៈពេល៩០ថ្ងៃសិន។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ការពន្យារពេលនេះគឺគ្មានន័យ អ្វីឡើយ ហើយក្រុមហ៊ុនក៏បានត្រៀមលក្ខណៈពេញលេញរួចជាស្រេចផងដែរ៕