(ព្រៃវែង)៖ ព្រីងទុំ គឺជាអាហារដ៏ពេញនិយមមិនថា មនុស្សក្មេងចាស់ប្រុសស្រី ជាពិសេសសម្រាប់អ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ១នេះផ្ទាល់តែម្តង នៅត្រង់ភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បើជិះរថយន្តឆ្លងកាត់ហើយ ត្រូវតែបង្អង់ឈប់ទិញព្រោះឃើញព្រីងទុំខ្មៅរលោងគួរឱ្យចង់ទិញពិសា ហើយវាមានរសជាតិជូរអែមឆ្ងាញ់ បើមានអំបិលម្ទេសផងរឹតតែបន្ថែមរសជាតិ ឡើងមួយកម្រិតទៀតផងដែរ។

អ្នកស្រី ជី សំអាង អ្នកលក់ព្រីងទុំម្នាក់រស់ភូមិស្រះ ឃុំរំចេក បានរៀបរាប់ថា រដូវកាលលក់ព្រីងនេះ ជាទូទៅគេចាប់ផ្តើមតាំងពីខែមេសារហូតដល់ខែមិថុនា ហើយមួយឆ្នាំមានតែម្តងទេសម្រាប់ ការលក់ព្រីងទុំធម្មជាតិនេះ។

ព្រីងទុំនេះមានពីរប្រភេទ មួយគេហៅថា ព្រីងដោះក្របី មួយទៀតគេហៅថាព្រីងបាយ ឈ្មួញបានដើរប្រមូលទិញពីអ្នកភូមិ ដែលគេដាំដុះនៅជិតផ្ទះនៅក្នុងឃុំនេះផ្ទាល់តែម្តង។

អ្នកស្រីបានបន្តទៀតថា គាត់បានទៅទិញព្រីងមកលក់ក្នុងមួយកញ្ច្រែងស្មើនឹង ១៥កំប៉ុងមានតម្លៃ ៤០,០០០រៀល សម្រាប់ព្រីងលេខ១ បើតម្លៃលក់ចេញវិញមួយកំប៉ុង ៥,០០០រៀ ចំណែកព្រីងលេខ២ នាំចូលមួយកញ្ច្រែងតម្លៃ ៣៥,០០០រៀល លក់ចេញក្នុងមួយកំប៉ុងតម្លៃ ៤,០០០រៀល ចំពោះលេខ៣ តម្លៃនាំចូលមួយកញ្ច្រែង ៣០,០០០រៀល ដោយលក់ចេញមួយកំប៉ុងតម្លៃ ៣,០០០រៀលផងដែរ។

គាត់បានបញ្ជាក់ទៀតថា បើនៅថ្ងៃបុណ្យទានវិញលក់ដាច់ណាស់ រកផ្លែព្រីងលក់មិនបានផង ព្រោះសម្បូររថយន្តឆ្លងកាត់ ហើយពួកគាត់អាចលក់ព្រីងទុំនេះពីរទៅបីកញ្ច្រែងក្នុងមួយថ្ងៃ ដោយក្នុងមួយកញ្ច្រែងរកចំណូលបានចន្លោះពី ៤៥,០០០រៀលទៅ ៧៥,០០០រៀលទាំងប្រាក់ដើម៕