(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង និងមន្រ្តីរ៉ែ បានចេញមកច្រានចោលការចោទប្រកាន់ និងការចុះផ្សាយមួយចំនួន ស្តីពីសកម្មភាពការធ្វើអាជីវកម្មជីកយកដីសាធារណៈរបស់រដ្ឋ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ទាំងយប់ទាំងថ្ងៃ។

ក្រោយមានព័ត៌មាននេះកើតឡើងភ្លាម អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានបញ្ជាឲ្យមន្រ្តីមន្ទីររ៉ែ និងថាមពល សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនោះ ប៉ុន្តែរកឃើញថា តាមការពិតការធ្វើអាជីវកម្មទាំងឡាយ មានច្បាប់ទម្លាប់ត្រឹមត្រូវ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា មានសារព័ត៌មានបានផ្សព្វផ្សាយថា មានការជីកដីសាធារណៈរបស់របស់រដ្ឋនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ទាំងយប់ទាំងថ្ងៃ នេះជាការផ្សព្វផ្សាយមិនពិតឡើយ។

លោកបានបន្តថា «ក្រុមការងារដឹកនាំដោយលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងជីកដីនៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ឃើញមានការធ្វើអាជីវកម្មជីកដីពីរទីតាំងរួមមាន៖ លោក ជា សុផាត និងលោក ហោ ម៉េងគី ពិតមែន។ ប៉ុន្ដែអាជីវករទាំងពីរខាងលើ មានអាជ្ញាបណ្ណសិប្បកម្មត្រឹមត្រូវ ដែលចេញដោយរដ្ឋបាលខេត្តព្រៃវែង ហើយបានធ្វើក្នុងដែនអាជ្ញាបណ្ណ ហើយជាជីកម្មសិទ្ធរបស់ខ្លួន (មានប្លង់ និងលិខិតបញ្ជាក់) ពុំមែនជាដីសាធារណៈរបស់រដ្ឋឡើយ»

បើតាមប្រធានមន្ទីរព័ត៌មាន ពាក់ព័ន្ធនឹងបច្ចេកទេសជីករណ្តៅដីលោក ហោ ម៉េងគី បានជីកជម្រៅខ្លះ ៤ម៉ែត្រ ខ្លះ៥ម៉ែត្រ គឺត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណសិប្បកម្ម ប៉ុន្តែក៏មានកន្លែងខ្លះទៀត ជីករហូតដល់ទៅ ៦ម៉ែត្រខុសនឹងលក្ខខណ្ឌអាជ្ញាបណ្ណសិប្បកម្ម។ ដូចនេះប្រធានមន្ទីរក៏បានរៀបចំស្នើសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីសុំបញ្ចប់ និងលុបអាជ្ញាបណ្ណរបស់លោក ហោ ម៉េងគី៕