(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមឆ្មាំពន្ធនាគារ បាននាំខ្លួនពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកន មកធ្វើការជំនុំជម្រះ សួរដេញដោលដោយផ្ទាល់បន្តទៀត។

បើតាមខ្លឹមសារបន្តនៃការជំនុំជម្រះនេះ គឺតុលាការ ត្រូវបន្តសួរដេញដោលជាមួយក្រុមមន្ត្រីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យ របស់នគបាលនៃនាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ ហើយនៅក្នុងសវនាការនេះផងដែរ គឺដឹកនាំដោយដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារក្នុងអង្គជំនុំជម្រះ។

សូមរំលឹកថា ក្នុងការជំនុំជម្រះលើសំណុំរឿង ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ដែលជាសង្សារលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គឺតុលាការបានសាកសួរសាក្សីជំនាញកោសល្យវិច័យចំនួន ៣នាក់ ដែលជាក្រុមមន្ត្រីនៅខេត្តតាកែវ។

តាមរយ:សវនាការ សួរដេញដោលទៅលើមន្ត្រីជំនាញកោសល្យវិច័យទាំង ៣នាក់រួមមាន៖ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ, លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីបញ្ជាក់ការពិតអំពីរបាយការណ៍ និងកំណត់ហេតុពនិត្យសាកសពជនរងគ្រោះនៅពេលកើតហើយ។

សាក្សីទាំង៣នាក់ខាងលើសុទ្ធតែបានអះអាងការពាររបាយការណ៍របស់ពួកគេថា បន្ទាប់ពីពួកគេ ពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសពរបស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ) ដែលជនរងគ្រោះបន្សល់ទុក និងស្តាប់ចម្លើយរបស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញដោយមានទាំងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវចូលរួមដឹងឮចំពោះលទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះ បានចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕