(ភ្នំពេញ)៖ ទន្ទឹមនឹងការទទូចឱ្យ ទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាម លុបចម្រៀងបទ «សង្គមនេះ» ចេញពី Facebook នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ យុវជន ឈុន ឌីម៉ី ហៅ Dymey-Cambo ជាអ្នកចម្រៀងរ៉េប ម្ចាស់បទ «សង្គមនេះ» បានស្នើកុំឱ្យ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំទុក្ខទោសដល់អ្នកដទៃឱ្យសោះ។

លោក ឈុន ឌីម៉ី បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឱ្យលោក សម រង្សី លុបចម្រៀងរបស់ខ្ញុំចេញពីគណនី Facebook របស់លោកដើម្បីកុំឱ្យមហាជនយល់ច្រឡំ និងកុំឱ្យមានអ្នកលាបពណ៌ថាខ្ញុំមានការទាក់ទិននឹង រឿងនយោបាយ។ សុំលោកកុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំទុក្ខដល់អ្នកដទៃ»។

សូមជំរាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ទណ្ឌិត សម រង្ស៊ី បានយកវិដេអូបទចម្រៀងរ៉េប «សង្គម» ទៅបង្ហោះនៅលើ Facebook ក្នុងគោលបំណងវាយប្រហារលើរាជរដ្ឋាភិបាល។ ការបង្ហោះវិដេអូនេះលោក សម រង្ស៊ី មិនបានសុំការអនុញ្ញាតពីម្ចាស់បទចម្រៀងនោះឡើយ។

ក្រោយការបង្ហោះនេះ យុវជន ឈុន ឌីម៉ី ហៅ Dymey-Cambo តាមរយៈការផ្សាយផ្ទាល់លើ Fresh News ពីទឹកដីខេត្តសៀមរាប បានប្រកាសថ្កោលទោស សម រង្ស៉ី ដែលបានរំលោភលើសិទ្ធិរបស់លោក ។

លោក ឈុន ឌីម៉ី បានប្រកាសទាមទារឲ្យលោក សម រង្ស៊ី លុបវិដេអូចម្រៀងរបស់គាត់ចេញពី Facebook និងសុំទោសលោក ព្រមទាំងទាមទារឲ្យលាងភាពស្អាតស្អំ របស់លោកវិញ ព្រោះលោកមិនពាក់ព័ន្ធនឹងនយោបាយនោះទេ ពោលគឺលោក សម រង្ស៊ី ត្រូវប្រកាសថា លោក ឈុន ឌីម៉ី មិនមែនជាអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកគាំទ្រ សម រង្ស៊ី នោះទេ។ លោក ឈុន ឌីម៉ី បានបញ្ជាក់បានអះអាងថា ប្រសិនបើលោក សម រង្ស៉ី មិនលុបវិដេអូចេញទេនោះលោកនឹង ប្រកាសទាមទារតាមរយៈ Facebook របស់លោករហូតដល់ទាល់តែ សម រង្ស៊ី លុបបទចម្រៀងចេញពី Facebook។

លោក ឈុន ឌីម៉ី ក៏បានប្រកាសទាមទារឲ្យទណ្ឌិត សម រង្ស៊ី គោរពសិទ្ធិប្រជាពលរដ្ឋ ជាពិសេសយុវជនមុននឹងធ្វើអ្វីមួយផងដែរ៕